(សេអ៊ូល)៖ ក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃសុក្រ ទី១១ ខែមេសា ថា កូរ៉េខាងត្បូងនិងប្រទេសស៉ីរី បានចុះកិច្ចព្រមព្រៀងនៅទីក្រុងដាម៉ាស ដើម្បីបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ការចុះកិច្ចព្រមព្រៀងខាងលើ គឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់កូរ៉េខាងត្បូង ដែលនៅពេលនេះ បានបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋទាំង១៩១ ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយជាការបើកទំព័រថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាមួយស៉ីរី ដែលជាយូរមកហើយបានស្ថិតនៅឃ្លាតឆ្ងាយពីគ្នា ដោយសារតែចំណងទាក់ទងជិតស្និទ្ធរបស់ទីក្រុងដាម៉ាស ជាមួយកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមួយទៀតរបស់កូរ៉េខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានលែងនិយាយអំពីប្រទេសស៉ីរី ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពីធ្នូ ឆ្នាំមុន។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានចុះហត្ថលេខាដោយ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae Yul និងរដ្ឋមន្រ្តីការបរទេសស៉ីរី លោក Assad al-Shibani ហើយក្រោយមក លោក Cho ក៏បានជួបជាមួយប្រធានាធិបតីស៉ីរីថ្មី លោក Ahmed al-Sharaa ផងដែរ៕