(ញូវដែលី)៖ មនុស្សជិត១០០នាក់ បានបាត់បង់ជីវិត គិតចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីភ្លៀងបានធ្លាក់ខ្លាំង នៅតាមផ្នែកនៃប្រទេសឥណ្ឌានិងនេប៉ាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅរដ្ឋ Bihar នៃប្រទេសឥណ្ឌា មានមនុស្សយ៉ាងតិច៦៤នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុពាក់ព័ន្ធភ្លៀងធ្លាក់ ចាប់តាំងតែពីថ្ងៃពុធ ខណៈនៅរដ្ឋ Uttar Pradesh មនុស្សជាង២០នាក់ ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត។ ទន្ទឹមគ្នានោះ នៅឯប្រទេសជិតខាងគឺនេប៉ាល់ បាតុភូតរន្ទះ និងភ្លៀងធ្លាក់ជោគជាំ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៨នាក់។ អាជ្ញាធរឧតុនិយមឥណ្ឌា បានព្យាករថា នឹងបន្តមានការធ្លាក់ភ្លៀងខ្លាំង លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់ នៅតាមតំបន់ភាគកណ្តាល និងភាគខាងកើតប្រទេស រហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា រដូវភ្លៀងជាទូទៅចាប់ផ្តើម ក្នុងខែមិថុនាឯណោះទេ នៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា។ កាលពីថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋានឧតុនិយមឥណ្ឌា បានដំឡើងកម្រិតប្រុងប្រយ័ត្នសម្រាប់លក្ខខណ្ឌអាកាសធាតុចម្រុះ រួមមានរលកកម្តៅនៅតំបន់ប៉ែកខាងលិច និងព្យុះភ្លៀងនៅប៉ែកខាងកើតនិងកណ្តាល៕