(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បានព្រមព្រៀងបើកកិច្ចចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចំពោះមុខភាពច្បាស់លាស់ ដែលបង្កឡើងដោយសារតែការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធគយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ ២០២៥។
សេចក្តីថ្លែងការណ៍របស់ EU បានឱ្យដឹងថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ហើយសម្រេចចិត្តចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ក្នុងនោះផ្តោតលើពាណិជ្ជកម្មទំនិញ សេវាកម្ម ការវិនិយោគ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រកាន់តែស៉ីជម្រៅ។
ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម បាននិយាយថា ការចាប់ផ្តើមការចរចា ដែលឆ្ពោះទៅរកកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ជាមួយ EU គឺសំដៅធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៉ីជម្រៅ និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយអត្រាពន្ធគយ និងរបាំងពាណិជ្ជកម្មមិនចាំបាច់ ការកែលម្អការទីផ្សារទំនិញប្រើប្រាស់ និងសេវាកម្ម។ គេរំពឹងថាវានឹងជំរុញឱកាសក្នុងវិស័យសំខាន់ៗ រួមទាំងការផលិតសម្ភារៈទំនើប ការថែទាំសុខភាព និងបច្ចេកវិទ្យា AI ជាដើម។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំទីពីរ ដែលមានអត្រា ៨.៣ភាគរយនៃពាណិជ្ជកម្មមិនមែនប្រេងសរុប របស់អេមីរ៉ាត់អារ៉ាប់រួម។ រដ្ឋឈូងសមុទ្រអ្នកមាន ក៏ជាគោលដៅនាំចេញ និងជាដៃគូវិនិយោគធំបំផុតរបស់សហភាពអឺរ៉ុប នៅមជ្ឈិមបូព៌ា ក៏ដូចជានៅអាហ្វ្រិកខាងជើងផងដែរ៕