(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១១ ខែមេសា ចិនបាននិយាយថា ការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រៀបដូចជា «ល្បែងតួលេខ» ដែលនឹងក្លាយរឿងកំប្លែងមួយ ខណៈទីក្រុងប៉េកាំង បានប្រកាសដំឡើងពន្ធសងសឹក លើទំនិញរបស់អាមេរិកដល់ ១២៥ភាគរយ ប៉ុន្តែបានអះអាងថា ខ្លួននឹងមិនបន្តដំឡើងខ្ពស់ជាងនេះទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយដូច្នេះថា «ការដំឡើងពន្ធគយរបស់ទីក្រុងវ៉ាស៉ីនតោន លើទំនិញរបស់ចិន បានប្រែក្លាយទៅជា ល្បែងតួលេខ ដែលមិនមានន័យជាក់ស្តែងអ្វី ចំពោះសេដ្ឋកិច្ចនោះឡើយ។ វានឹងមានតែបកអាក្រាតឱ្យឃើញថែមទៀត នូវចរិតធ្វើទុក្ខបុកម្នេញ និងសម្លុតគំរាមរបស់សហរដ្ឋអាមេរិក។ វានឹងក្លាយទៅជារឿងកំប្លែង»។ ទន្ទឹមគ្នានេះ ទីក្រុងប៉េកាំង បានអះអាងថា ខ្លួននឹងមិន​អើពើទៀតនោះទេ ចំពោះការបន្តដំឡើងពន្ធបន្ថែមពីអាមេរិក ដ្បិតទំនិញរបស់អាមេរិក ហាក់គ្មានតម្លៃទៀតនោះឡើយ សម្រាប់អ្នកនាំចូល ក្រោយរងការយកពន្ធ១២៥ភាគរយ ទៅហើយ។

គួរបញ្ជាក់ថា ក្នុងជម្លោះពាណិជ្ជកម្មដ៏តានតឹង រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំង២ របស់ពិភពលោក ចិននិងអាមេរិក បានបន្តដំឡើងពន្ធគយដាក់គ្នាទៅវិញទៅមក ដែលមកទល់ពេលនេះ ការដំឡើងពន្ធរបស់អាមេរិកលើចិន គឺដល់១៤៥ភាគរយ ខណៈពន្ធរបស់ចិនលើអាមេរិក គឺដល់១២៥ភាគរយ៕