(វ៉ាស៊ីនតោន)៖ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ លោក Steve Witkoff បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​នៅថ្ងៃ​សុក្រនេះ ដែលត្រូវបានគេ​រំពឹង​ថា​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី Vladimir Putin នៅទីក្រុង St Petersburg។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​ចំពេល​ដែល​សហរដ្ឋ​អាមេរិក​ កំពុង​មាន​ភាព​តានតឹង​ជាមួយ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី​គឺ​អ៊ីរ៉ង់ និង​ចិន។ ជំនួប​រវាង​លោក Witkoff និង​លោក Putin ទំនង​ជា​ផ្តោត​លើ​ការ​វិនិយោគ​រួម​គ្នា​នៅ​តំបន់​អាក់ទិក និង​រ៉ែ​កម្រ ក៏ដូចជា​ការ​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ដែលអាច​កើត​មាន​នៅ​អ៊ុយក្រែន។

ទន្ទឹម​នឹង​នេះ លោក Witkoff ក៏​គ្រោង​នឹង​ទៅ​ប្រទេស​អូម៉ង់​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​អំពី​កម្មវិធី​នុយក្លេអ៊ែរ បន្ទាប់​ពី​លោក ត្រាំ បាន​គំរាម​កំហែង​ទីក្រុង​តេអេរ៉ង់​ដោយ​សកម្មភាព​យោធា ខណៈរុស្ស៊ី​ធ្លាប់​បាន​ផ្តល់​ជំនួយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ការទូត​លើ​បញ្ហា​នេះ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​អាមេរិកនិង​រុស្ស៊ី​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​​ ដើម្បី​ពិភាក្សា​អំពី​ការ​ស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ។ ទោះជាយ៉ាងណា កិច្ចចរចា​លើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន​ហាក់​ដូចជា​មាន​ភាព​ជាប់គាំង ​ដោយសារ​ភាព​ខុសគ្នា​នៃ​ទស្សនៈ​លើ​លក្ខខណ្ឌ។ ទន្ទឹមនឹងនេះ លោក ត្រាំ ក៏​បាន​ព្រមាន​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ដែល​ទិញ​ប្រេង​ពី​រុស្ស៊ី ប្រសិនបើ​លោក​ឃើងថា ​ទីក្រុង​ម៉ូស្គូ​កំពុង​ពន្យារពេល​លើ​កិច្ចព្រមព្រៀង​អ៊ុយក្រែន៕