(ប្រុចស៊ែល)៖ អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយថា ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអាទិត្យ ហើយនឹងជួបពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងលើពន្ធគយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធ ពីការកាត់បន្ថយពន្ធយ៉ាងខ្លាំង ដែលលោកបានដាក់លើសហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត។ ហើយកាលពីថ្ងៃព្រហស្បតិ៍​ សហភាពអឺរ៉ុបក៏ប្រកាសថានឹងផ្អាកចាត់វិធានការឆ្លើយតបនឹងពន្ធអាមេរិកផងដែរ។

អ្នកនាំពាក្យគណៈកម្មាធិការពាណិជ្ជកម្មអឺរ៉ុប លោក Olof Gill បានប្រាប់វិទ្យុ RTE របស់អៀរឡង់ថា «ស្នងការពាណិជ្ជកម្មនឹងទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីព្យាយាមឲ្យសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ នោះគឺជាអ្វីដែលយើងកំពុងតែផ្តោតសំខាន់»។

លោក Gill បានបន្ថែមថា សហភាពអឺរ៉ុប​ (EU) ត្រៀមខ្លួនសម្រាប់ជម្រើសផ្សេងទៀត ប្រសិនបើការចរចាមិនបានជោគជ័យ។ លោកក៏បានលើកឡើងថា មិនទាន់ច្បាស់ថាសហរដ្ឋអាមេរិកចង់បានអ្វីពី EU នោះទេ ប៉ុន្តែការផ្អាកពន្ធនេះបានផ្តល់ឱកាសថ្មីមួយសម្រាប់ភាគីទាំងពីរ ដើម្បីឆ្ពោះទៅមុខ និងសម្រេចបានវឌ្ឍនភាពពិតប្រាកដ។ លោកបានសង្កត់ធ្ងន់ថា EU មានសំណើជាច្រើន ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សា៕