(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចំនួន៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាសប្ដាហ៍ក្រោយ ខណៈទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងស្វែងរកការគាំទ្រ ពីបណ្ដាប្រទេសជាដៃគូ សំដៅការពារសេដ្ឋកិច្ចចិនប្រឆាំងនឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ តាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១១ ខែមេសា លោក ស៊ី ជីនពីង នឹងផ្ដើមធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ហើយបន្ទាប់មកបន្តដំណើរឆ្ពោះទៅម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា។ នេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ស៊ី ជីនពីង នៅក្នុងឆ្នាំ២០២៥នេះ។

លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានប្រកាសផ្អាកការអនុវត្តការយកពន្ធគយកម្រិតខ្ពស់លើប្រទេសជាច្រើន ក្នុងនោះរួមមានទាំងប្រទេសទាំង៣ លើកលែងតែចិនដែលឥលូវត្រូវបានលោក ត្រាំ ប្រកាសយក ពន្ធដល់ទៅ១៤៥ភាគរយ ក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកាត់ផ្ដាច់ចិនឱ្យឯកោ។ ប្រទេសមួយចំនួនធំដែលរងការយកពន្ធគយទៅវិញទៅមកពីលោក ត្រាំ ក្នុងនោះរួមមានកម្ពុជា ៤៩ភាគរយ វៀតណាម ៤៦ភាគរយ និងម៉ាឡេស៊ី ២៤ភាគរយ សុទ្ធតែបានចាប់ផ្ដើមរួចទៅហើយនូវការទំនាក់ទំនងជាមួយរដ្ឋបាលលោក ត្រាំ ដែលនេះហាក់ធ្វើឱ្យចិនក្លាយជា «ជនខាងក្រៅ» ឈរមើលកិច្ចចរចាទ្វេភាគីរវាង អាមេរិក និងប្រទេសទាំងនោះ នៅចំពោះមុខភាពតានតឹងរវាងប៉េកាំង និងវ៉ាស៊ីនតោនកាន់តែក្ដៅគគុក។

លោក​ Carlyle Thayer ជាសាស្ត្រាចារ្យមា្នក់មកពីសាកលវិទ្យាល័យ University of New South Wales (UNSW) ក្នុងប្រទេសអូស្ត្រាលី បាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ត្រូវបានរៀបចំ ឡើងជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការយកពន្ធគយលើបណ្ដាប្រទេសជាច្រើន ជាពិសេសគឺប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ចិន»។ ចំណែក លោក Lim Tai Wei វិញ ជាអ្នកឃ្លាំមើលកិច្ចការតំបន់អាស៊ីបូព៌ា និងជាសាស្ត្រាចារ្យមកពីមហាវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Soka University យល់ឃើញថាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងស្វែងរកការគាំទ្ររបស់ចិនពីបណ្ដាប្រទេសដែលកំពុងមានភាពរកាំរកូសជាមួយអាមេរិកដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ។ ក្នុងន័យនេះ ទោះជាលោក ត្រាំ បានផ្អាកការយកពន្ធក៏ដោយ ក៏ប្រទេសជាច្រើននឹងមិនអាចបំភ្លេចដោយងាយៗនោះទេចំពោះអ្វីដែលបានកើតឡើង។

ប៉ុន្តែបើតាមលោក Lim ខណៈកំពុងស្វែងរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក គួបផ្សំលោក ត្រាំ ជាមនុស្សពិបាកព្យាករផងនោះ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា មុខជានឹងមានការប្រុងប្រយ័ត្ន ចំពោះការចេញ សេចក្ដីថ្លែងការណ៍របស់ពួកគេ ដោយពួកនឹងធ្វើយ៉ាងណារក្សាឱ្យបាននូវការឆ្លុះបញ្ចាំងពីគំនិតសមូហភាពរបស់អាស៊ាន ជាជាងរឿងផ្ទាល់ខ្លួន។

* ស្វែងយល់ពីជម្រៅចិត្ត
តាមលោក Lim លោក ស៊ី ជីនពីង អាចនឹងព្យាយាមស្វែងរកការធានាឱ្យបានថាខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏សំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅតែបន្តបើកចំហ ហើយរបាំងពាណិជ្ជកម្មនៅសេសសល់នឹងត្រូវបានដោះស្រាយ ក្នុង ក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ដែលមានអាស៊ានទាំង១០ប្រទេស ព្រមទាំងអូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ជាសមាជិក។ សម្រាប់លោក Thayer វិញ ជាជាងផ្តោតតែទៅលើ ការផ្ដល់សម្បទានសេដ្ឋកិច្ច គណៈប្រតិភូចិនអាចនឹងព្យាយាមស្វែងយល់ពីជម្រៅចិត្តរបស់វៀតណាម ម៉ាឡេស៊ី និងកម្ពុជា ថាតើពួកគេមានផែនការបែបណា ដើម្បីឆ្លើយតបទៅនឹងការយកពន្ធគយពីសហរដ្ឋអាមេរិក ឬក៏ថាតើផែនការរបស់ពួកគេអាចនឹងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននៅក្នុងតំបន់ដែរ ឬក៏អត់?

* បញ្ជូនសារឱ្យអាមេរិកតាមរយៈអាស៊ាន
ទោះជាក្រុមអ្នកជំនាញ ជឿថាទំនងជានឹងមិនមានការចុះកិច្ចព្រមព្រៀងធំៗ អំឡុងដំំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងក៏ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់នឹងត្រូវបានពង្រឹងឱ្យ កាន់តែមានភាពស៊ីជម្រៅ ជាពិសេសនៅចំពោះមុខគោលនយោបាយពន្ធគយរបស់លោក ត្រាំ។ បន្ថែមពីលើនេះ លោក ស៊ី ជីនពីង នឹងយកដំណើរទស្សនកិច្ចរបស់លោកដើម្បីបង្ហាញប្រាប់ទៅអាមេរិកថាចិនក៏មានមិត្ត នៅក្នុងតំបន់ផងដែរ ក៏ដូចជាបង្ហាញឱ្យគេបានឃើញថាចិនជាដៃគូដែលតំបន់អាស៊ីអាគ្នេយ៍អាចពឹងពាក់បាន និងមានស្ថិរភាព ផ្ទុយពីសហរដ្ឋអាមេរិកដែលឥលូវកាន់តែពិបាកព្យាករ និងមិនមានស្ថិរភាពដែលអាចប្រែ ប្រួលគ្រប់ពេលវេលា។

តាមក្រុមអ្នកជំនាញ ការជ្រើសរើសប្រទេសអាស៊ានទាំង៣ជាគោលដៅធ្វើទស្សនកិច្ច បានឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពប្រទាក់ក្រឡាគ្នានៃផលប្រយោជន៍រួម។ កម្ពុជាត្រូវបានចិនចាត់ទុកថាជា «មិត្តដែកថែប» ហើយប្រទេសទាំង២ បានរក្សាទំនាក់ទំនងល្អនឹងគ្នាអស់រាប់ទស្សវត្សរ៍មកហើយ។ លោក ស៊ី ជីនពីង មិនធ្លាប់បានធ្វើទស្សនកិច្ចនៅកម្ពុជានោះទេ ចាប់តាំងពីឆ្នាំ២០១៦មក ហើយដំណើរទស្សនកិច្ចរបស់លោក ទៀតសោត គឺជាលើកដំបូងបំផុតផងដែរចាប់តាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។ លោក ស៊ី ជីនពីង នឹងប្រើទស្សនកិច្ចនេះដើម្បីពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំថ្មីរបស់ កម្ពុជា។

ដោយឡែក ទំនាក់ទំនងរវាងចិន និងវៀតណាម មានភាពរកាំរកូសនឹងគ្នាតិចតួចដែរ ដោយសារតែជម្លោះដែនទឹកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ «ប៉ុន្តែដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ប៉េកាំង អាចនឹងមើលឃើញថាវាជាឱកាសដែលចិនពង្រឹងទំនាក់ទំនងជាមួយវៀតណាម»។ នេះបើតាមលោក Lim ដោយបន្ថែមថាថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តវៀតណាម ចាត់ទុកថាពាណិជ្ជកម្ម ប្រៀបដូចជាអាយុជីវិតរបស់ ពួកគេ។ ដូច្នេះពួកគេត្រូវបានរំពឹងថានឹងបន្តអនុវត្តតាមការទូតដើមឬស្សី ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងការទូតជាមួយពួកមហាអំណាច ដោយនៅតែព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ និយាយពីម៉ាឡេស៊ីវិញ លោក ស៊ី ជីនពីង អាចនឹងបង្ហាញចំណាប់អារម្មណ៍របស់លោកខ្លាំងជាងគេ អំឡុងទស្សនកិច្ចពីព្រោះម៉ាឡេស៊ីសព្វថ្ងៃជាប្រធានប្ដូរវេនអាស៊ាន។ ម៉ាឡេស៊ី មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយចិន និងកំពុងទទួលផលចំណេញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលផ្ដល់មូលនិធិដោយចិន តួយ៉ាងដូចជាផ្លូវដែកជាដើម។

* ប្រុងប្រយ័ត្នល្អជាង
លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានប្រកាសផ្អាកការអនុវត្តការយកពន្ធគយកម្រិតខ្ពស់លើប្រទេសច្រើនជាង៧០ លើកលែងតែចិនមួយចេញលោកបានដំឡើងការយកពន្ធដល់១៤៥ភាគរយ។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំង៣ ដែលទទួលស្វាគមន៍លោក ស៊ី ជីនពីង គួរតែមានការប្រុងប្រយ័ត្នក្នុងការលាក់បាំង ឬមិនត្រូវបង្ហាញជាសាធារណៈថាពួកគេឈរនៅខាងចិន ក្នុងកាលៈទេសៈដ៏សំខាន់ សព្វថ្ងៃនេះទេ។ ពោលគឺគួរតែដើរតាមគោលនយោបាយអព្យាក្រឹតដ៏យូរអង្វែងមកហើយរបស់អាស៊ានចំពោះមុខការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមក្រុមអ្នកជំនាញ។

មួយវិញទៀត ក្រុមអ្នកជំនាញជឿថា ខណៈប្រទេសទាំង៣ ជាពិសេសគឺវៀតណាម រំពឹងថាអាចនឹងទុកការខ្វែងគំនិតគ្នាជាមួយចិនមួយឡែកសិន អំឡុងទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក៏បញ្ហាប្រឈមមុខគឺនៅតែមាន ដដែលនៅក្នុងកិច្ចប្រឹងប្រែងការទូតរបស់ចិន។ នោះគឺចំណាប់អារម្មណ៍របស់ហាណូយលើ គម្រោងទិញអាវុធពីសហរដ្ឋអាមេរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយ វៀតណាម។ ការប្រជែងគ្នារវាងចិន និងសហរដ្ឋអាមេរិក នឹងមានតែកើនឡើងជាជាងថមថយ។ អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ពិភពលោកបានគាំទ្រសហរដ្ឋអាមេរិកក្នុងការថែរក្សាប្រព័ន្ធពាណិជ្ជកម្មឱ្យបើកចំហ ដោយភ័យខ្លាចថាប្រទេសមួយចំនួនដូចជាចិន អាចនឹងអនុវត្តការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ ឬមានគោលនយោបាយគាំពារនិយមគិតតែពីប្រយោជន៍របស់ខ្លួនឯង។ ប៉ុន្តែ បច្ចុប្បន្ន ការព្រួយបារម្ភបែបនេះប្រែជាក្រឡាប់ចាក់ ទៅវិញ ដោយចិនសព្វថ្ងៃកំពុងជំរុញការថែរក្សាប្រព័ន្ធពាណិជ្ជកម្មសកលឱ្យបើកចំហ ខណៈសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បែរជាកំពុងជំនួសកន្លែងរបស់ចិន ដោយធ្វើឱ្យគេព្រួយបារម្ភទៅវិញអំពីគំនិតគាំពារនិយមរបស់លោកទៅវិញ៕