(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិក មិនអាចធ្វើសកម្មភាពដោយគ្មានការគិតគូរពីហានិភ័យទេ ហើយកង់ប្រវត្តិសាស្ត្រក៏មិនអាចវិលត្រឡប់ក្រោយបានដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥។

លោក Wang ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់បែបនេះនៅពេលជួបជាមួយលោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

ក្នុងជំនួបនោះ លោកបានចង្អុលបង្ហាញថា ការចូលជ្រៀតជ្រែកពីប្រទេសមហាអំណាចមួយចំនួនក្នុងការអនុវត្តគោលនយោបាយគំរាមកំហែងឯកតោភាគី គឺជាកត្តាចម្បងដែលនាំឱ្យស្ថានភាពអន្តរជាតិបច្ចុប្បន្នកំពុងស្ថិតក្នុងភាពច្របូកច្របល់ និងភាពវឹកវរ។

លោក Wang បានបន្ថែមថា «សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានប្រើប្រាស់ល្បិចដំឡើងពន្ធ ដែលបង្ហាញយ៉ាងច្បាស់ថា ខ្លួនបានដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ហួសពីផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ និងបានមើលរំលងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាច្បាប់ដែលបានចែង»។ លោកបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិមិនគួរនៅស្ងៀមឡើយចំពោះទង្វើនេះ។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបញ្ជាក់ថា ចិន ដែលជាសមាជិកដ៏មានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ នឹងបន្តការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ក៏ដូចជាការពារផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកមិនត្រូវបានទាញត្រឡប់ទៅកាន់យុគសម័យដែលអំណាចជាធំទៀតឡើយ។

លោក Wang Yi បានគូសបញ្ជាក់ថា ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីយកខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ (UN) ជាឱកាសមួយដ៏សំខាន់ ដើម្បីបន្តគាំទ្រយ៉ាងរឹងមាំនូវប្រព័ន្ធអន្តរជាតិដែលអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ៕