(យូអិន)៖ កាលពីថ្ងៃសុក្រ ទី១១ ខែមេសា អង្គការសហប្រជាជាតិ (UN) បានប្រកាសអំពាវនាវរកការបរិច្ចាគថវិកា ២៧៥លានដុល្លារ ដែលត្រូវការចាំបាច់ជាបន្ទាន់ ដើម្បីយកទៅជួយ មនុស្សច្រើនជាង១លាននាក់ ដែលបានរងផលប៉ះពាល់ ពីគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទន្ទឹមគ្នា UN បានព្រមានថា មកទល់ពេលនេះ មានការបរិច្ចាគត្រឹមខ្ទង់៥ភាគរយប៉ុណ្ណោះ នៃថវិកាប្រមាណ១.‌១ពាន់លានដុល្លារ ដែលត្រូវការសម្រាប់ផែនការជំនួយមនុស្សធម៌កន្លងមក សម្រាប់មនុស្សសរុប៥.៥លាននាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើតាម UN មនុស្សសរុបច្រើនជាង៦.៣លាននាក់ កំពុងត្រូវការជំនួយជាចាំបាច់ នៅតាមតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយសាររញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ហើយសម្លាប់​មនុស្សលើស៣៦០០នាក់។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះរញ្ជួយដីខាងលើ បានបង្កើនទុក្ខវេទនា និងការបំផ្លិចបំផ្លាញហិនហោចបន្ថែមទៀត ក្នុងប្រទេសមួយ ដែលត្រូវបានហែកហួរដោយសង្រ្គាមស៉ីវិល អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ មុនពេល​មានគ្រោះមហន្តរាយរញ្ជួយដីនេះ UN បានប៉ាន់ស្មានថា មានមនុស្សជិត២០លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ នៅមីយ៉ាន់ម៉ា៕