(បែរឡាំង)៖ កាលពីថ្ងៃសុក្រ ទី១១ ខែមេសា ប្រភពពីគណបក្សអភិរក្សនិយម CDU និងគណបក្សកណ្តាលនិយម SPD បានឱ្យដឹងថា លោក Friedrich Merz ដែលជាមេដឹកនាំបក្ស CDU នឹងត្រូវសភាអាល្លឺម៉ង់បោះឆ្នោតជ្រើសរើសជា អធិការបតីផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពពីបក្ស CDU និង SPD បាននិយាយថា គណបក្សទាំងពីរដែលជាដៃគូនឹងគ្នា បានឯកភាពលើកាលបរិច្ឆេទដូចខាងលើ។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Friedrich Merz រួមជាមួយមេដឹកនាំរបស់គណបក្ស SPD ទីបំផុតសម្រេចបានជាស្ថាពរ នូវកិច្ចព្រមព្រៀងរដ្ឋាភិបាលចម្រុះ។
ការសម្រេចបានកិច្ចព្រមព្រៀងខាងលើ គឺចំពោះមុខការកើនឡើងសម្ពាធលើ ក្រុមអ្នកនយោបាយអាល្លឺម៉ង់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមធំៗ ដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការគំរាមកំហែងពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរដ្ឋាភិបាលចម្រុះនេះ ដែលសម្រេចបានក្នុងពេលត្រឹម៤៥ថ្ងៃ បន្ទាប់ពីគណបក្សរបស់លោក Merz បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលមុនអាណត្តិ គឺជាកិច្ចព្រមព្រៀងដ៏លឿនមួយ បើគិតតាមស្តង់ដាររបស់អាល្លឺម៉ង់ ដែលជាធម្មតាដំណើរការចរចារបង្កើតរដ្ឋាភិបាលចម្រុះ ភាគច្រើនប្រើប្រាស់ពេលវេលាយូររាប់ខែ៕