(ហ៊្សេរុយសាឡិម)៖ កងកម្លាំងអ៉ីស្រាអែល បានសម្រេចការឡោមព័ទ្ធទីក្រុង Rafah ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួន ដេីម្បីចាប់យកទីតាំងគ្រប់គ្រងបន្ថែមទៀតនៅតំបន់ហ្កាហ្សា អមជាមួយនិងការជម្លៀសប្រជាជនក្នុងទ្រង់ទ្រាយធំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ ២០២៥។

យោធាអ៉ីស្រាអែល បានចេញការព្រមានឱ្យជម្លៀសខ្លួនម្តងហើយម្តងទៀត ដល់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅទូទាំងទីក្រុង Rafah ចាប់តាំងពីបេីកការវាយប្រហារឡើងវិញកាលពីថ្ងៃទី១៨ ខែមីនា។ នៅថ្ងៃទី២ ខែមេសា យោធាអ៉ីស្រាអែល និយាយថា កងទ័ពកំពុងចាប់យកតំបន់ដែលខ្លួនហៅថា Morag Axis ដែលសំដៅទៅលើអតីតការតាំងទីលំនៅរបស់អ៉ីស្រាអែល ដែលស្ថិតនៅចន្លោះទីក្រុង Rafah និង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា។

ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ បានភៀសខ្លួនចេញពីទីក្រុង Rafah ជាតំបន់ទំហំ ៦០គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ជាប់អេហ្ស៉ីប។ មកទល់នឹងថ្ងៃសៅរ៍នេះ យោធាបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពនៃកងពលធំទី ៣៦ បានឡោមព័ទ្ធ តំបន់ Morag Axis នោះបានសម្រេចហេីយ។

គួរបញ្ជក់ថា អ៉ីស្រាអែល បានចាប់ផ្តើមការវាយលុកឡើងវិញនៅក្នុងខែមីនា បន្ទាប់ពីបានលុបចោលបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព នាខែមករា។ អ៉ីស្រាអែលថា យុទ្ធនាការនេះនឹងបន្តរហូតដល់ចំណាប់ខ្មាំងនៅសល់ ៥៩នាក់ត្រូវបានដោះលែង ហើយក្រុមហាម៉ាស់ត្រូវបានដកចេញពីហ្កាហ្សា៕