(គែរ)៖ ក្រុមគ្រូពេទ្យប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា បានអះអាងថាមីស៊ីល ២គ្រាប់របស់អ៉ីស្រាអែល បានធ្លាក់ចំអគារមួយនៃមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ដោយបំផ្លាញផ្នែកសង្រ្គោះបន្ទាន់ និងបង្កការខូចខាតដល់អគារផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ ហើយខាងយោធាអ៉ីស្រាអែលក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ ជុំវិញការវាយប្រហារលើមន្ទីរពេទ្យ Al-Ahli Arab Baptist Hospital ខណៈក្រុមមន្ត្រីសុខភិបាលនៃមន្ទីរពេទ្យនេះបាននិយាយថាពួកគេបានជម្លៀសអ្នកជំងឺចេញពីអគារ បន្ទាប់ពីមនុស្សម្នាក់បានអះអាងថារូបគេទទួលបានការហៅទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថាជា មន្ត្រីសន្តិសុខអ៉ីស្រាអែល នៅប៉ុន្មាននាទីមុនការវាយប្រហារកើតឡើង។ រូបភាពដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដែល Reuters ភ្លាមៗមិនទាន់អាចផ្ទៀងផ្ទាត់បាន បង្ហាញពីមនុស្ស ជាច្រើនបានចាកចេញពីបរិវេណមន្ទីរពេទ្យខាងលើ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះនាំអ្នកជំងឺជាសាច់ញាតិរបស់ខ្លួនដែលកំពុងគេងលើគ្រែអ្នកជំងឺចេញផងដែរ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៣ ការវាយប្រហារបានកើតឡើងលើមន្ទីរពេទ្យ Al-Ahli Arab Baptist ដោយបានសម្លាប់មនុស្សជាច្រើននាក់។ នៅពេលនោះ ក្រុមមន្ត្រីហ្កាហ្សា បានចោទថា ការវាយប្រហារនេះជាស្នាដៃរបស់អ៉ីស្រាអែល។ តែអ៉ីស្រាអែលប្រកែកថាការផ្ទុះនៅឯមន្ទីរពេ្យនេះបង្កឡើងដោយគ្រាប់រ៉ុក្កែតមួយគ្រាប់បាញ់ច្រឡំដោយក្រុមសកម្មជនប៉ាឡេស្ទីន Jihad តែក្រុមនេះ ក៏បានច្រានចោលការចោទប្រកាន់របស់អ៉ីស្រាអែល ផងដែរ៕