(សៀងហៃ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសរបស់លោកជាមួយឥណ្ឌូណេស៊ី ឱ្យកាន់តែស៊ីជម្រៅ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ជាមួយលោកប្រធានាធិបតី Prabowo Subianto។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
Xinhua បានឱ្យដឹងថាក្នុងកិច្ចសន្ទនានោះ លោក ស៊ី ជីនពីង បានប្រាប់លោក Prabowo ភាពជាដៃគូទ្វេភាគីមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជះឥទ្ធិពលជាសកល ហើយមេដឹកនាំនៃប្រទេសទាំង២ ក៏បានផ្លាស់ប្ដូរសារអបអរសាទរគ្នាទៅវិញទៅមកផងដែរ នាឱកាសនៃខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
ទីក្រុងប៉េកាំង បច្ចុប្បន្ន កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសផ្សេងទៀត រួបរួមគ្នាជាមួយចិនដើម្បីប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ។ លោក ស៊ី ជីនពីង គ្រោងនឹង ធ្វើទស្សនកិច្ចមកកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា សំដៅពង្រឹងទំនាក់ទំនងជាមួយប្រទេសមួយចំនួនក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិន នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕