(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងត្រូវប្រឈមនឹងសវនាការជាលើកដំបូងរបស់លោក ជុំវិញបទចោទព្រហ្មទណ្ឌនៃអំពើបះបោរ បន្ទាប់ពីលោកបានប្រកាសដាក់ឱ្យ ប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងភាពចលាចលនយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Yoon បានប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ជាមួយការដាក់បញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនយោបាយ និងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ។ តែច្បាប់អាជ្ញាសឹកនេះមាន រយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ដោយសមាជិកសភាមកពីគណបក្សប្រឆាំងបានបោះឆ្នោតលុបចោលទៅវិញ។ ផលវិបាកបង្កឡើងដោយច្បាប់អាជ្ញាសឹកបានឈានទៅដល់ការបោះឆ្នោតគាំទ្រលើការ ចោទប្រកាន់ដកតំណែងលោក Yoon នៅឯសភាជាតិ ហើយតុលាការធម្មនុញ្ញបានតម្កល់ទុកសេចក្ដីសម្រេចរបស់សភា ជាមួយការប្រកាសបញ្ចប់តួនាទីលោក Yoon ជាប្រធានាធិបតី កាលពីថ្ងៃទី៤ ខែមេសា។

តែទោះបីជាអស់តំណែងក៏ពិតមែន លោក Yoon មិនទាន់រួចខ្លួននោះទេ។ លោកនឹងត្រូវប្រឈមនឹងសវនាការលើបទចោទព្រហ្មទណ្ឌ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ជុំវិញការចោទប្រកាន់ថារូបលោក បានដឹកនាំសកម្មភាពបះបោរ អំឡុងការប្រកាសប្រើច្បាប់អាជ្ញាសឹក។ ក្នុងករណីលោក Yoon ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពលើបទចោទបះបោរពិតមែន នោះលោកអាចប្រឈមនឹង ការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា លោក Yoon Suk Yeol រួមទាំងភរិយា បានចាកចេញពីវិមានប្រធានាធិបតី ហើយបានត្រឡប់ទៅដល់ផ្ទះឯកជនមួយរបស់លោក ក្នុងទីក្រុងសេអ៊ូល ដោយទទួល បានការស្វាគមន៍ពីអ្នកគាំទ្ររបស់លោក។ «ឥលូវ ខ្ញុំបានក្លាយជាពលរដ្ឋសាមញ្ញម្នាក់នៃសាធារណរដ្ឋកូរ៉េ ហើយខ្ញុំនឹងស្វែងរកផ្លូវថ្មីដើម្បីបម្រើប្រទេសជាតិ និងប្រជាជនរបស់យើង»។ នេះជាការគូសបញ្ជាក់ របស់លោក Yoon។ នៅបន្ទាប់ពីការទម្លាក់លោក Yoon ចេញពីតំណែង កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ៕