(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា បានប្រកាសពីការលើកលែងពន្ធនាំចូលលើផលិតផលបច្ចេកវិទ្យាសំខាន់ៗមួយចំនួន រួមមានស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ដែលភាគច្រើននាំចូលពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់គយអាមេរិក ដោយបញ្ជាក់ថា ទំនិញអេឡិចត្រូនិកទាំងនេះនឹងលែងជាប់ពន្ធ ១០% លើប្រទេសភាគច្រើន និងពន្ធរហូតដល់ ១៤៥% លើទំនិញពីប្រទេសចិន។ ទោះជាយ៉ាងណា ទំនិញអេឡិចត្រូនិកទាំងនេះនៅតែជាប់ពន្ធ ២០% ដែលទាក់ទងនឹងសារធាតុ fentanyl សម្រាប់ប្រទេសចិន។
ការលើកលែងពន្ធនេះ បានចាប់អនុវត្តតាំងពីថ្ងៃទី ៥ ខែមេសា ហើយវាក៏រួមបញ្ចូលគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះតួយ៉ាងដូចជា បន្ទះសូឡា និងកាតមេម៉ូរីផងដែរ។
សេតវិមានបានពន្យល់ថា មូលហេតុនៃការលើកលែងពន្ធនេះ គឺដើម្បីផ្តល់ពេលឱ្យក្រុមហ៊ុនផ្លាស់ប្តូរទីកន្លែងផលិតមកអាមេរិកវិញ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក ត្រាំ ចង់កាត់បន្ថយការពឹងផ្អែកលើប្រទេសចិនសម្រាប់ការផលិតបច្ចេកវិទ្យាសំខាន់ៗ ដោយកត់សម្គាល់ថាក្រុមហ៊ុនធំៗដូចជា Apple, Nvidia និង Taiwan Semiconductor កំពុងផ្លាស់ប្តូរទីតាំងផលិតកម្ម។
គួរបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធខ្ពស់លើទំនិញពីប្រទេសជាច្រើនទូទាំងពិភពលោក ប៉ុន្តែបានប្រកាសផ្អាក ៩០ ថ្ងៃ លើកលែងតែប្រទេសចិនដែលពន្ធត្រូវបានដំឡើងដល់ ១៤៥%។ លោក ត្រាំ បាននិយាយថា ពន្ធនាំចូលនេះនឹងជួយឱ្យពាណិជ្ជកម្មពិភពលោកមានភាពយុត្តិធម៌ និងបង្កើតការងារនៅអាមេរិក៕