(ហាណូយ)៖ នៅថ្ងៃចន្ទ ទី១៤​ ខែមេសា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទៅដល់រដ្ឋធានីហាណូយនៃប្រទេសវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេស ជាលើកដំបូងបង្អស់របស់លោក នៅក្នុងឆ្នាំ២០២៥នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

មុនការមកដល់របស់លោក ស៉ី ជីនពីង ក្នុងអត្ថបទចេញផ្សាយមួយ​ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម លោក ស៉ី បានអំពាវនាចង់ឱ្យទំនាក់ទំនង កាន់តែរឹងមាំជាមួយ​ប្រទេសវៀតណាម ក្នុងវិស័យពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ចំពោះមុខផលប៉ះពាល់ដែលបង្កឡើង ដោយវិធានការពន្ធគយថ្មីរបស់​សហរដ្ឋអាមេរិក។

រីឯក្នុងអត្ថបទផ្សេងមួយទៀត ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មេដឹកនាំកំពូលវៀតណាម លោក To Lam បានបង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងវិស័យការទូត ការពារជាតិ សន្តិសុខ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Bui Thanh Son បានបង្ហើបឱ្យដឹងថា ប្រទេសជិតខាងទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសរុ​ប ប្រហែល៤០កិច្ចព្រមព្រៀង ស្តីពីវិស័យផ្សេងៗ ប៉ុន្តែមិនបានផ្តល់ខ្លឹមសារលម្អិតជាងនេះ ទៀតនោះទេ។

គួរបញ្ជាក់ថា វាគឺជាទស្សនកិច្ចលើកដំបូងរបស់លោក ស៉ី មកកាន់វៀតណាម គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ លោក ស៉ី នឹងបំពេញទស្សនកិច្ចនៅវៀតណាម ដល់ថ្ងៃទី១៥ ខែមេសា ហើយនឹងបន្តដំណើរទៅធ្វើទស្សនកិច្ចនៅម៉ាឡេស៉ី ពីថ្ងៃទី១៥ ដល់ទី១៧ និងចុងក្រោយនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ទី១៨។ លើកចុងក្រោយ ដែលលោកប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចនៅម៉ាឡេស៉ី គឺតាំងតែពី១២ឆ្នាំមុន និងនៅកម្ពុជា កាលពី៩ឆ្នាំមុន៕