(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៤ ខែមេសា បាននិយាយថាលោកជឿជាក់ថាអ៉ីរ៉ង់មានចេតនាពន្យារពេលចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ខណៈព្រមានជាថ្មីថាអ៉ីរ៉ង់ត្រូវតែបោះបង់ចោលក្ដីស្រមៃចង់បានអាវុធនុយក្លេអ៊ែរ បើពុំដូច្នោះទេ បណ្ដារោងចក្រនុយក្លេអ៊ែររបស់តេហេរ៉ង់នឹងមិនអាចគេចផុតពីការវាយប្រហារបានឡើយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន និងបន្ទាប់ពីបេសកកជនពិសេសអាមេរិក លោក Steve Witkoff បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាពួកគេ (អ៉ីរ៉ង់) កំពុងពន្យារពេលជាមួយពួកយើង។ អ៉ីរ៉ង់ត្រូវតែបោះបង់ចោលក្ដីស្រមៃចង់បានអាវុធនុយក្លេអ៊ែរ។ ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត»។ នៅពេលត្រូវបានសាក សួរអំពីជម្រើសនៃវិធានការឆ្លើយតបរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការវាយប្រហារតាមផ្លូវអាកាសលើរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ លោក ត្រាំ បានឆ្លើយថា ជាការពិតណាស់ រោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ នឹងមិន អាចគេចពីការវាយប្រហារបានឡើយ បើមិនបោះចោលគំនិតចង់ផលិតអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ បន្ថែមថាអ៉ីរ៉ង់ចាំបាច់ត្រូវតែធ្វើសកម្មភាពឱ្យបានលឿនរហ័ស ដើម្បីបញ្ចៀសចំណាត់ការក្ដៅណាមួយ ពីព្រោះថា អ៉ីរ៉ង់កំពុងខិតជិតទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ការព្រមានជាថ្មីរបស់លោក ត្រាំ កើតមានឡើង ក្រោយមន្ត្រីអាមេរិក និងអ៉ីរ៉ង់ បានអះអាងពីភាពវិជ្ជមាន និងប្រកបដោយលក្ខណៈស្ថាបនានៅក្នុងកិច្ចចរចាមួយនៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ កិច្ចចរចាជុំទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕