(ប៉េកាំង)៖ ក្រុមមន្ត្រីសន្តិសុខចិន បានចោទប្រកាន់នៅថ្ងៃអង្គារ ទី១៥ ខែមេសា ថាទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA បានវាយប្រហារសាយប័រ អំឡុងព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា (Asian Winter Games) នៅក្នុងទីក្រុង Harbin ស្ថិតនៅភាគឦសានប្រទេសចិន កាលពីខែកុម្ភៈកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីសន្តិសុខចិន ក្នុងទីក្រុង Harbin បានចេញសេចក្ដីថ្លែងការណ៍មួយលើបណ្ដាញទំនាក់ទំនងសង្គម Weibo ដោយចោទប្រកាន់បុគ្គល ៣នាក់មកពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ថាបានដឹកនាំការវាយប្រហារសាយប័រ លើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗមួយចំនួន។ បុគ្គលទំាង៣នោះរួមមានឈ្មោះ Katheryn A. Wilson, Robert J. Snelling និង Stephen W. Johnson។

ក្រុមមន្ត្រីសន្តិសុខចិន នៅក្នុងខែមេសានេះបានឱ្យដឹងថាខ្លួនកំណត់បានការវាយប្រហារសាយប័រពីបរទេស ២៧០ ០០០ដង លើប្រព័ន្ធព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា នៅក្នុង ទីក្រុង Harbin ដែលជារដ្ឋធានីនៃខេត្ត Heilongjiang ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។ ការវាយសាយប័របានកំណត់គោលដៅលើប្រព័ន្ធគ្រប់គ្រងព័ត៌មានចេញចូលនៃ ព្រឹត្តិការណ៍កីឡានេះ ព្រមទាំងកាតឥណ្ឌទាន និងហេដ្ឋារចនាសម្ព័ន្ធតំបន់ នៅចន្លោះពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ។ ក្រុមមន្ត្រីសន្តិសុខចិន បានអះអាងថា២ភាគ៣នៃ ការវាយប្រហារសាយប័រ ទាំងនោះមានប្រភពមកពីសហរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍ខាងលើដដែល បានចោទប្រកាន់ថាភ្នាក់ងាររបស់ NSA បានវាយប្រហារសាយប័រលើក្រុមហ៊ុនចិនជាច្រើន ក្នុងនោះរួមមានទាំងក្រុមហ៊ុន Huawei ហើយថែមទាំងក៏បានចោទ ផងដែរថា សាកលវិទ្យាល័យអាមេរិកចំនួន ២ គឺ University of California និង Virginia Tech មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារសាយប័រលើព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា។ តែមិនបានបញ្ជាក់ លម្អិតថា តើសាកលវិទ្យាល័យទាំង២នេះជាប់ពាក់ព័ន្ធដោយរបៀបណានោះទេ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីចិន បានប្រកាសផ្ដល់រង្វាន់ដល់អ្នកទាំងឡាយណាដែលអាចផ្ដល់ព័ត៌មាន និងធ្វើកិច្ចសហការជាមួយអាជ្ញាធរចិន ដែលនាំទៅរកការចាប់ខ្លួនបុគ្គលទាំង៣ខាងលើ។ តែមិន បានបញ្ជាក់ថាផ្ដល់រង្វាន់អ្វីឡើយ។ នៅប្រទេសចិន អ្នកដែលត្រូវបានតុលាការរកឃើញថាមានពិរុទ្ធលើការធ្វើចារកម្ម អាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ឬក៏ទោសប្រហារជីវិត។ ជាក់ស្ដែង កាលពីខែមីនាកន្លងទៅ រដ្ឋអំណាចចិនបាននិយាយថាខ្លួនបានផ្ដន្ទាទោសប្រហារជីវិតលើអតីតវិស្វករម្នាក់ សម្រាប់ការធ្វើបែកធ្លាយព័ត៌មានសម្ងាត់ជាតិទៅឱ្យមហាអំណាចបរទេសមួយ៕