(ហាណូយ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្ដែងគារវកិច្ចទៅកាន់អតីតមេដឹកនាំបដិវត្តន៍វៀតណាម លោក ហូ ជីមិញ (Ho Chi Minh) នៅថ្ងៃអង្គារ ទី១៥ ខែមេសា ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់លោកក្នុងទីក្រុងហាណូយ ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាមានគោលដៅកេងយកប្រយោជន៍ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ស៊ី ជីនពីង ស្ថិតនៅក្នុងប្រទេសវៀតណាម ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានបញ្ចូលម៉ាឡេស៊ី និងកម្ពុជាផងដែរ ស្របពេលទីក្រុងប៉េកាំង កំពុងព្យាយាមបង្ហាញ ប្រាប់ពិភពលោកថាចិនជាដៃគូគួរឱ្យទុកចិត្តបាន និងមានស្ថិរភាព នៅចំពោះមុខគោលនយោបាយពន្ធគយរបស់លោក ត្រាំ។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យចិន និងវៀតណាម កាលពី ថ្ងៃចន្ទម្សិលមិញ រួមគ្នាប្រឆាំងនឹងការធ្វើបាប ហើយចូលរួមថែរក្សាស្ថិរភាពប្រព័ន្ធពាណិជ្ជកម្មសេរីរបស់ពិភពលោក។ តែប៉ុន្មានម៉ោងក្រោយមក លោក ត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមានថាជំនួបរវាង មេដឹកនាំចិន និងវៀតណាម គឺមានគោលដៅធ្វើឱ្យសហរដ្ឋអាមេរិកកេងយកប្រយោជន៍ពីអាមេរិក។ «ខ្ញុំបានឃើញពួកគេបានជួបគ្នានៅថ្ងៃនេះ...វាជាជំនួបមួយ...ដែលមើលទៅហាក់ដូចជាកំពុងព្យាយាមរិះរកវិធីថាតើ ត្រូវកេងយកប្រយោជន៍ពីសហរដ្ឋអាមេរិកយ៉ាងដូចម្ដេច»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
គួរបញ្ជាក់ថា ចិន និងវៀតណាម កាលពីថ្ងៃចន្ទ ទី១៤ ខែមេសា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤៥ លើកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងនោះរួមមានខ្សែច្រវាក់ផ្គត់ផ្គង់ AI ការល្បាតសមុទ្ររួមគ្នា និងការអភិវឌ្ឍផ្លូវដែក អំឡុងជំនួរវាងលោក ស៊ី ជីនពីង និងមេដឹកនាំកំពូលរបស់វៀតណាម លោក To Lam៕