(សិង្ហបុរី)៖ ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam នៅថ្ងៃអង្គារ ទី១៥ ខែមេសា បានប្រកាសរំលាយសភា ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលលើកទី១៤របស់សិង្ហបុរី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបោះឆ្នោតសកលនេះនឹងក្លាយជាការធ្វើតេស្ដដំបូងបំផុតមួយសម្រាប់លោកនាយករដ្ឋមន្ត្រី Lawrence Wong ដែលបានឡើងកាន់តំណែងបន្តវេនពីអតីតនាយករដ្ឋមន្ត្រី លោក Lee Hsien Loong ក្នុងនាមជា មេដឹកនាំគណបក្សសកម្មភាពប្រជាជន PAP កាលពីខែឧសភា ឆ្នាំ២០២៤។ តាមការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី កាលបរិច្ឆេទនៃការរៀបចំការបោះឆ្នោតសកលនឹងត្រូវចេញផ្សាយក្នុងពេលក្រោយ។
គណបក្ស PAP បានដឹកនាំប្រទេស និងឈ្នះអាសនៈភាគច្រើនស្ទើរតែគ្រប់ការបោះឆ្នោត ចាប់តាំងសិង្ហបុរីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥មក។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលនៅពេលខាងមុខនេះ នឹងមានអាសនៈបន្ថែមច្រើនជាង ៤កៅអី បើធៀបទៅនឹងការបោះឆ្នោតសកលកាលពីឆ្នាំ២០២០៕