(ប៉េកាំង)៖ ថ្ងៃទី១២ ខែមេសា តាមម៉ោងតំបន់ខាងកើតរបស់សហរដ្ឋអាមេរិក អាមេរិកបានប្រកាសពីអនុស្សរណៈពាក់ព័ន្ធស្តីពីការលើកលែងការដាក់ «ពន្ធគយបដិការ» ទៅលើផលិតផលមួយចំនួន ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃវៃឆ្លាត បរិក្ខារផលិតវត្ថុពាក់កណ្ដាលចម្លងនិងសៀគ្វីរួមបញ្ចូលគ្នាជាដើម។ ខណៈពេលដំណឹងនេះត្រូវបានប្រកាស មជ្ឈដ្ឋានមតិក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រព័ន្ធសារព័ត៌មានបរទេស ដូចជាកាសែត «Financial Times» របស់ប្រទេសអង់គ្លេសជាដើមសម្គាល់ឃើញថានេះជាសញ្ញាដំបូងដែលបង្ហាញឱ្យឃើញថា អាមេរិកនឹងបន្ធូរបន្ថយការដាក់ពន្ធគយទៅលើប្រទេសចិន។

យប់ថ្ងៃទី១៣ ខែមេសា ប្រទេសចិនបានឆ្លើយតបថា នេះជាជំហានតូចមួយរបស់អាមេរិកដែលឆ្ពោះទៅកាន់ការកែតម្រូវទង្វើខុសឆ្គងនៃការដាក់ពន្ធគយបដិការដោយឯកតោភាគី។ តាមពិតទៅ ការកែតម្រូវកំហុសរបស់ រដ្ឋាភិបាលអាមេរិកគឺប្រកបដោយភាពចាំបាច់។ ក្នុងនាមជាប្រទេសធំទីពីរខាងការនាំចេញនាំចូលIntermediate products ផលិតកម្មរបស់អាមេរិកលើវិស័យកម្រិតមធ្យមនិងបច្ចេកវិទ្យាខ្ពស់ ភាគីច្រើនស្ថិតនៅ អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីដែលមានសមត្ថភាពផលិតនិងសមត្ថភាពរួមបញ្ចូលខាងឧស្សាហកម្មយ៉ាងខ្លាំងដូចជាប្រទេសចិនជាដើម។

ស្ថាប័នអន្តរជាតិខ្លះបានលើកឡើងថាការផលិតនិងដំឡើងទូរសព្ទដៃចំនួន៩០ភាគរយរបស់ក្រុមហ៊ុន Apple គឺស្ថិតនៅប្រទេសចិន ការដែលអាមេរិកដំឡើងពន្ធគយទៅលើប្រទេសចិន វានឹងធ្វើឱ្យទូរស័ព្ទដៃ iPhone ឡើងថ្លៃពី៣០ភាគរយ ដល់៤០ភាគរយ។ លោក Daniel Ives អ្នកវិភាគផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ Wedbush បានសម្គាល់ឃើញថា បើសិនជារដ្ឋាភិបាលអាមេរិកមិនលើកលែងការដាក់ពន្ធគយទៅលើ ផលិតផលពាក់ព័ន្ធ នោះឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាមេរិកនឹងត្រឡប់ថយក្រោយ១០ឆ្នាំ ហើយបដិវត្តន៍នៃបញ្ញាសិប្បនិមិ្មតក៏នឹងបង្អង់ល្បឿនយ៉ាងច្បាស់លាស់ផងដែរ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា ចាប់ពីអាមេរិកបានដាក់ចេញ «ពន្ធគយបដិការ» នៅថ្ងៃទី២ ខែមេសាមក សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិត្រូវបំផ្លាញ ការប្រកបអាជីវកម្មរបស់សហគ្រាស និងជីវភាពរស់នៅរបស់ប្រជាជនរងការរំខាន ហើយអាមេរិកខ្លួនឯងក៏រងការរលបត្របាក់កាន់តែច្រើនឡើងៗដែរ។ នៅថ្ងៃទី១១ ខែមេសា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានចេញផ្សាយអត្ថបទ ដោយព្រមានថាអាមេរិកប្រហែលនឹងបាត់បង់ឱកាសការងារដោយសាររងការតបតវិញពីប្រទេសផ្សេងទៀតលើវិស័យពាណិជ្ជកម្មសេវាកម្ម។

តាមពិតទៅ មូលដ្ឋាននៃពាណិជ្ជកម្មសេវាកម្មគឺស្ថិតនៅលើទំនុកចិត្ត។ ប៉ុន្តែបច្ចុប្បន្ននេះ អាមេរិកបានបោកប្រាស់និងគំរាមកំហែងពិភពលោកទាំងមូលតាមរយៈការដំឡើងពន្ធគយ តើអ្នកណាទុកចិត្តសហការជាមួយ អាមេរិកលើវិស័យសេវាកម្មខាងហិរញ្ញវត្ថុ សេវាកម្មខាងការអប់រំ សេវាកម្មខាងទិន្នន័យនិងសេវាកម្មខាងការគណនា? តើអ្នកណាមិនព្រួយបារម្ភថាការបើប្រាស់ប៉ាតង់របស់អាមេរិកនឹងត្រូវបង់ថ្លៃខ្ពស់កប់ពពក នៅពេលអនាគត?

អាមេរិកលែងជាដៃគូពាណិជ្ជកម្មដែលអាចជឿទុកចិត្តបានឡើយ។ ពាក្យសម្តីវាយដំឡែងរបស់លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា គួរយកទៅដាស់តឿនភាគីអាមេរិក។ សូមបញ្ជាក់ថា អាមេរិកត្រូវទទួល ខុសត្រូវទាំងស្រុងចំពោះការធ្វើសង្គ្រាមពាណិជ្ជកម្ម។ ការលើកលែងការដាក់ «ពន្ធគយបដិការ» ចំពោះផលិតផលមួយចំនួនលើកនេះ អាចត្រូវចាត់ទុកថា ជាវិធានការស្រោចស្រង់របស់អាមេរិក។ ប៉ុន្តែអាមេរិកត្រូវធ្វើ កាន់តែច្រើន និងត្រូវបោះជំហានកាន់តែធំ ក្នុងន័យលុបចោលទាំងស្រុងនូវការដាក់ «ពន្ធគយបដិការ» ហើយគោរពគ្នាទៅវិញទៅមកនិងធ្វើកិច្ចសន្ទនាដោយសមភាពជាមួយដៃគូពាណិជ្ជកម្ម។ នេះទើបជាជម្រើស ដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម៕

វិទ្យុមិត្តភាពកម្ពុជាចិន