(ម៉ានីល)៖ សហរដ្ឋអាមេរិក និងហ្វីលីពីន នឹងធ្វើសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ ៩ ឧសភា ដែលភាគីហ្វីលីពីនចាត់ទុកថាជា «ការហាត់សមការពារជាតិ» ចំពេលមានភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥។
សមយុទ្ធដែលហៅថា Balikatan នេះ នឹងមានការចូលរួមពីកងទ័ពអាមេរិកប្រមាណ ៩,០០០នាក់ និងកងទ័ពហ្វីលីពីន ៥,០០០នាក់ រួមជាមួយកងកម្លាំងអូស្ត្រាលី និងអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួន។ អ្នកនាំពាក្យសមយុទ្ធ បានគូសបញ្ជាក់ថា លំហាត់សមនេះផ្តោតលើអន្តរប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងដែនសមុទ្រ និងអាកាស នៅទីតាំងយុទ្ធសាស្ត្រនានា រួមទាំងតំបន់ដែលប្រឈមនឹងសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារ ចំពោះមុខសកម្មភាពរបស់ចិន។
គួរបញ្ជាក់ថា កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត «ដ៏រឹងមាំដូចដែកថែប» របស់ទីក្រុងវ៉ាស៊ីនតោន ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមកដែលមានអាយុកាលរាប់ទសវត្សរ៍។ លោកបានសន្យាដាក់ពង្រាយសមត្ថភាពទំនើបៗសម្រាប់សមយុទ្ធនេះ រួមទាំងប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងរបស់ចិន។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងម៉ានីល បានធ្លាក់ដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការប្រឈមមុខដាក់គ្នាញឹកញាប់នៅសមុទ្រចិនខាងត្បូង ដែលបង្កការព្រួយបារម្ភពីជម្លោះយោធា៕