(ម៉ានីល)៖ ទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១៦ ខែមេសា ដោយភ្លាមៗនេះមិនមានរបាយការណ៍អំពីការខូចខាត ឬមនុស្សរងគ្រោះនៅឡេីយទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
USGS បានបន្ថែមថា ការរញ្ជួយដីនេះកេីតឡេីងនៅឆ្នេរសមុទ្រនៃកោះ Mindanao មានជម្រៅ ៣០គីឡូម៉ែត្រ។ វិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន កំណត់ចំណុចកណ្តាលនៃការរញ្ជួយនៅចម្ងាយប្រហែល ៤៣គីឡូម៉ែត្រ ភាគនិរតីទីប្រជុំជន Maitum ដែលមានទីតាំងក្នុងតំបន់ ភ្នំ និងមានប្រជាជនរស់នៅតិច។ អាជ្ញាធរមូលដ្ឋានបានប្រាប់ AFP ថា គ្រោះរញ្ជួយដីនេះមិនបានបង្កឱ្យមានការខូចខាតអ្វីគួរឱ្យកត់សម្គាល់ឡើយ។
គួរបញ្ជាក់ថា ការរញ្ជួយដីតែងកើតមានប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅលេីចំណុចនៃការរញ្ជួយតាមបណ្តោយមហាសមុទ្រប៉ាស៉ីហ្វិក។ ភាគច្រេីននៃការរញ្ជួយគឺមានកម្លាំងខ្សោយ ដែលអាចឱ្យមនុស្សមិនសូវចាប់អារម្មណ៍៕