(ប៉េកាំង)៖ នៅថ្ងៃពុធ ទី១៦ ខែមេសា ចិន បានតែងតាំងអ្នកចរចាពាណិជ្ជកម្មថ្មីមួយរូប ដែលជាអតីតតំណាងអង្គការពាណិជ្ជកម្មពិភពលោក ឱ្យមកជំនួសអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Shouwen ចំពេលមានសង្គ្រាមពន្ធគយកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម បានឱ្យដឹងថា លោក Li Chenggang អាយុ ៥៨ឆ្នាំ ធ្លាប់ជាជំនួយការរដ្ឋមន្ត្រីពាណិជ្ជកម្មអំឡុងរដ្ឋបាលដំបូងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ត្រូវចូលកាន់តំណែងជំនួសលោក Wang អាយុ ៥៩ឆ្នាំ។
លោក Li ដែលបានកាន់ការងារសំខាន់ៗជាច្រើននៅក្រសួងពាណិជ្ជកម្ម ដូចជានៅក្នុងនាយកដ្ឋានត្រួតពិនិត្យសន្ធិសញ្ញា និងច្បាប់ និងពាណិជ្ជកម្មដោយយុត្តិធម៌ មានប្រវត្តិសិក្សានៅសាកលវិទ្យាល័យ Peking University និងសាកលវិទ្យាល័យ Hamburg របស់អាល្លឺម៉ង់។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលទីក្រុងប៉េកាំង បន្តប្រកាន់ជំហរមិនចុះញ៉មនៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន ដែលបង្កឡើងដោយសារតែការដំឡេីងពន្ធរបស់លោក ត្រាំ លើទំនិញនាំចូលពីចិន៕