(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងបេសកជនសេតវិមាន លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ ផ្តោតលើការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Rubio និងលោក Witkoff គ្រោងនឹងជួបសមភាគីអឺរ៉ុបនៅទីក្រុងប៉ារីស នៅថ្ងៃពុធ និងព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន។ ប្រភពការទូតបារាំងបានបញ្ជាក់ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនឹងជួបសមភាគីបារាំងលោក លោក Jean-Noel Barrot នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាបញ្ហាអ៊ុយក្រែន មជ្ឈិមបូព៌ា និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ បន្ទាប់មក លោក Witkoff នឹងបន្តដំណើរទៅចូលរួមកិច្ចប្រជុំនៅទីក្រុងរ៉ូម ដោយមានវត្តមានសមភាគីអ៊ីរ៉ង់។
កិច្ចប្រឹងប្រែងការទូតនេះ កើតឡើងខណៈរដ្ឋបាលលោក ត្រាំ កាន់តែបង្ហាញការខកចិត្តចំពោះកង្វះវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ដោយបានស្តីបន្ទោសទាំងភាពរឹងចចេសរបស់រុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចំពោះការបន្ត និងការរីករាលដាលនៃសង្គ្រាម។
ទន្ទឹមនឹងនេះ រដ្ឋបាលអាមេរិកក៏កំពុងជំរុញការស្វែងរកលទ្ធភាពនៃកិច្ចព្រមព្រៀងយូរអង្វែងមួយជាមួយអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរផងដែរ។ ការពិភាក្សាដោយប្រយោលនៅអូម៉ង់កាលពីចុងសប្តាហ៍មុន ត្រូវបានភាគីទាំងពីរពណ៌នាថាមានភាពវិជ្ជមាន ទោះបីទទួលស្គាល់ថាកិច្ចព្រមព្រៀងនៅឆ្ងាយក៏ដោយ។ លោក ត្រាំ បានគំរាមកាលពីថ្ងៃចន្ទថា នឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បើគ្មានកិច្ចព្រមព្រៀង ហើយកាលពីថ្ងៃអង្គារ លោកបានបើកកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិកំពូល ផ្តោតលើបញ្ហានេះទៀតផង៕