(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់ទៅនឹងផែនការមួយរបស់អ៉ីស្រាអែលក្នុងការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ផ្ទុយទៅវិញលោកចង់បាន កិច្ចព្រមព្រៀងមួយតាមរយៈកិច្ចចរចា ដើម្បីរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះបើតាមកាសែតអាមេរិក New York Times ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
New York Times ធ្វើសេចក្ដីរាយការណ៍ខាងលើកាលពីថ្ងៃពុធ ទី១៦ ខែមេសា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ តាមកាសែតអាមេរិកនេះ ដដែល អ៉ីស្រាអែលមានផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់នៅខែឧសភាក្រោយនេះ ក្នុងគោលបំណងទប់ស្កាត់ភាពរីកចម្រើននៃសមត្ថភាពរបស់អ៉ីរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក្នុងពេលមួយឆ្នាំ ឬច្រើនឆ្នាំទៅមុខ។ New York Times បានបញ្ជាក់ទៀតថាជំនួយរបស់សហរដ្ឋអាមេរិកមិនត្រឹមតែតម្រូវឱ្យផ្ដល់ការការពារដល់អ៉ីស្រាអែលប្រឆាំងនឹងការសងសឹកណាមួយពីអ៉ីរ៉ង់ ប៉ុណ្ណោះទេ តែក៏ត្រូវធានាផងដែរថាការវាយប្រហារនឹងទទួលជោគជ័យ។ ប៉ុន្តែ ក្រោយការជជែកដេញដោលជាច្រើនខែ លោក ត្រាំ បានធ្វើការសម្រេចចិត្តដោយស្វែងរកកិច្ចចរចាជាមួយតេហេរ៉ង់ ជាជាង គាំទ្រដល់ការធ្វើសកម្មភាពយោធា។
គួរបញ្ជាក់ថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គឺជាកិច្ចចរចាលើកដំបូងបំផុតនៅក្រោមអាណត្តិដឹកនាំរបស់លោក ត្រាំ ក្នុងនោះរួមមានទាំង អាណត្តិទី១ (ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១)។ ទាំងអាមេរិក និងអ៉ីរ៉ង់បានចាត់ទុកថាកិច្ចចរចានេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនា ខណៈកិច្ចចរចាជុំទី២គ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ៕