(គូឡាឡាំពួ)៖ ចិន និងម៉ាឡេស៊ី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់សមុទ្រចិនខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា នៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីថ្លែងការណ៍រួមខាងលើដដែល ក៏បានបញ្ជាឡើងវិញផងដែរពីការប្ដេជ្ញាចិត្តរបស់ប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្រោមឆត្រអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក អង្គការសុខភាពពិភពលោក និងអង្គការ BRICS។ បន្ថែមពីលើនេះ ចិន និងម៉ាឡេស៊ីថែមទាំងបញ្ជាក់ទៀតផងថាតំបន់ហ្កាហ្សាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញបានពីដែនដីប៉ាឡេស្ទីន ហើយបានជំរុញឱ្យមានការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពតាមកិច្ចព្រមព្រៀងបទឈប់បាញ់។

គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ចិន និងម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងចំនួន៣១ មានចាប់ពីពាណិជ្ជកម្ម និងទេសចរណ៍ រហូតដល់ការដឹកជញ្ជូនតាមផ្លូវដែក និងកសិកម្ម។ លោក ស៊ី ជីនពីង បានចាកចេញ ពីម៉ាឡេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចមកកាន់ប្រទេសទាំង៣ ក្នុងតំបន់អាស៊ីអាគេ្នយ៍ រួមមានវៀតណាម ម៉ាឡេស៊ី និងកម្ពុជា៕