(ប៉េកាំង)៖ ខណៈពេលធ្វើដំណើរទៅដល់ទីក្រុងគូឡាឡាំពួ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៥ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទ នៅប្រព័ន្ធសារព័តមានម៉ាឡេស៊ីដូចជា កាសែត Sin Chew Daily និងកាសែត The Star ជាដើមដែលមានចំណងជើងថា "ធ្វើឱ្យនាវាមិត្តភាពចិន-ម៉ាឡេស៊ី បើកទៅរកអនាគតកាន់តែល្អប្រសើរ" ។

អត្ថបទនេះលើកឡើងថា ចិននិងម៉ាឡេស៊ីជាប្រទេសជិតខាងដ៏មេត្រីភាព ដែលមានដែនសមុទ្រជាប់គ្នា។ ផ្លូវសូត្រតាមសមុទ្រ គឺជាសាក្សី នៃការប្រាស្រ័យទាក់ទងដ៏មេត្រីភាព រវាងប្រទេសទាំងពីរដែលមានរយៈពេលពាន់ឆ្នាំ។ ចាប់តាំងពីបានបង្កើត ទំនាក់ទំនងការទូតមក ជានិច្ចកាល ប្រទេសចិននិងម៉ាឡេស៊ីតែងតែឈរលើមូលដ្ឋាន នៃភាពជាម្ចាស់ការខាងយុទ្ធសាស្ត្រ គោរពផ្លូវអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹង ផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរៀងៗខ្លួន ដែលបានបង្កើតជាគំរូនៃការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសនិងប្រទេស។

អត្ថបទនេះបានសង្កត់ធ្ងន់ថា ប្រទេសចិននិងម៉ាឡេស៊ី គឺជាសហគមន៍រួមវាសនាមួយដែលរួមសុខរួមទុក្ខ និងមានភាពស្អិតល្មួតនឹងគ្នា។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយ ម៉ាឡេស៊ីនិងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីដើរស្របតាមចរន្តប្រវត្តិសាស្ត្រ អំពីសន្តិភាពនិងការអភិវឌ្ឍ ជម្នះចរន្តបញ្រ្ចាសនៃឯកតោភាគីនិយមនិងគាំពារនិយម ជំរុញសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី ដែលប្រកបដោយយុទ្ធសាស្រ្តកម្រិតខ្ពស់ឱ្យឆ្ពោះទៅមុខ ក៏ដូចជាពួតដៃគ្នាកសាងសហគមន៍ រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន