(បរទេស)៖ Yuyuan Tantian គឺជាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋរបស់ចិន CCTV បាន​រាយការណ៍មកថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន​ Nvidia លោក Jensen Huang បានទៅដល់ទីក្រុងប៉េកាំង។​ ដំណើរ​ទស្សនកិច្ច​របស់​លោក ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ក្រុមប្រឹក្សា​ចិន​សម្រាប់​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ជា​អង្គការ​គាំទ្រ​ដោយ​រដ្ឋ​តំណាង​ឱ្យ​អ្នក​នាំ​ចេញ​របស់​ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង និងការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកលើបន្ទះឈីប H20 របស់ Nvidia ទៅប្រទេសចិន។ ការរឹតបន្តឹងថ្មីនេះ ត្រូវបាន Nvidia រំពឹងថានឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូលរហូតដល់ ៥.៥ ពាន់លានដុល្លារឯណោះ ដែលជាការខាតបង់ដ៏ធំបំផុត។

គួរជម្រាបថា ​បន្ទះឈីប H20 គឺជាបន្ទះឈីប AI តែមួយគត់ដែល Nvidia អាចលក់ដោយស្របច្បាប់ទៅកាន់ប្រទេសចិនបាន។ ការហាមប្រាមរបស់សហរដ្ឋអាមេរិកលើបន្ទះឈីប H20 របស់ Nvidia ហាក់ធ្វើឱ្យអនាគតរបស់ក្រុមហ៊ុនអ៊ីនធឺណេតចិនមានភាពស្រពិចស្រពិលកាន់តែខ្លាំងឡើង ខណៈក្រុមហ៊ុនទាំងនោះរំពឹងថានឹងមានការដឹកជញ្ជូននៅចុងឆ្នាំនេះ។ បន្ទាប់ពីការប្រកាសនៃការរឹតបន្តឹងការនាំចេញបន្ទះឈីប​ H20 បានធ្វើឱ្យភាគហ៊ុនរបស់ Nvidia ធ្លាក់ចុះជិត ៧% ហើយអ្នកវិភាគបានព្យាករណ៍ថាអាជីវកម្មរបស់ Nvidia នៅក្នុងប្រទេសចិនអាចធ្លាក់ចុះយ៉ាងខ្លាំង ដែលអាចធ្លាក់ចុះដល់ជិតសូន្យពីប្រហែល ១០% នៃប្រាក់ចំណូលសរុបកាលពីឆ្នាំមុន។

តែយ៉ាងណា ជុំវិញព័ត៌មានលម្អិត Nvidia មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើរបៀបវារៈរបស់លោក Huang នៅក្នុងប្រទេសចិននោះទេ៕