(គែរ, អេហ្ស៉ីប)៖ មន្រ្តីជាន់ខ្ពស់ហាម៉ាសម្នាក់ បាននិយាយថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ហើយដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលនៅសល់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ប៉ុន្តែច្រានចោលបទឈប់បាញ់បណ្តោះអាសន្ន ដែលស្នើឡើងដោយអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ ២០២៥។

លោក Khalil Al-Hayya ប្រធានហាម៉ាសប្រចាំនៅហ្កាហ្សា ដែលបានដឹកនាំក្រុមចរចារ បាននិយាយថា ក្រុមរបស់ខ្លួន នឹងលែងយល់ព្រមលើកិច្ចព្រមព្រៀងបណ្តោះអាសន្នទៀតហើយ។ ផ្ទុយទៅវិញ ហាម៉ាសបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមភ្លាមៗក្នុងការចរចាដ៏ទូលំទូលាយ ដើម្បីដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ជាថ្នូរនឹងការបញ្ចប់សង្រ្គាម ការដោះលែងអ្នកទោសប៉ាឡេស្ទីន និងកសាងតំបន់ហ្កាហ្សាឡើងវិញ។

គួរបញ្ជាក់ថា គោលជំហរដែលហាម៉ាសបានលើកឡើង ទំនងជាមិនទទួលបានការយល់ព្រមពីអ៉ីស្រាអែលនោះទេ ហើយអាចធ្វើឱ្យសង្រ្គាមបន្តពន្យារពេលថែមទៀត គ្រាដែលអ៉ីស្រាអែលបើកការវាយប្រហារឡើងវិញ ក្នុងប៉ុន្មានសប្តាហ៍មកនេះ។

អ្នកសម្រុះសម្រួលអេហ្ស៉ីប បាននិងកំពុងធ្វើការដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ខែមករា ដែលបានផ្អាកការប្រយុទ្ធគ្នានៅហ្កាហ្សា មុនពេលដួលរលំកាលពីខែមុន ប៉ុន្តែមានសញ្ញារីកចម្រើនតិចតួចប៉ុណ្ណោះ ដោយអ៉ីស្រាអែល និងហាម៉ាស់ នៅតែស្តីបន្ទោសគ្នាទៅវិញទៅមក៕