(ហ្សាកាតា)៖ ប្រធានក្រុមសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ច របស់ប្រទេសឥណ្ឌូណេស៉ី លោក Airlangga Hartarto បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងវ៉ាស៉ីនតោនថា ឥណ្ឌូណេស៉ី នឹងបង្កើនការនាំចូលស្បៀងអាហារពីសហរដ្ឋអាមេរិក ហើយកាត់បន្ថយការបញ្ជាទិញទំនិញប្រភេទនេះ ពីប្រទេសក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ ២០២៥។

ឥណ្ឌូណេស៉ី បានស្នើឡើងថា នឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ឱ្យដល់ ១៩ពាន់លានដុល្លារ រួមទាំងការនាំចូលថាមពលប្រហែល ១០ពាន់លានដុល្លារ ដើម្បីលុបបំបាត់អតិរេកពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន។ លោក Airlangga បញ្ជាក់ថា ឥណ្ឌូណេស៉ី មានគម្រោងទិញផលិតផលកសិកម្ម រួមទាំងស្រូវសាលី សណ្តែកសៀង និងម៉ាស៊ីនកិនសណ្តែក ក៏ដូចជាបង្កើនការទិញវត្ថុធាតុដើមពីសហរដ្ឋអាមេរិក។ ឥណ្ឌូណេស៉ី នឹងធ្វើការលើសារធាតុរ៉ែសំខាន់ៗ សម្រួលនីតិវិធីទាក់ទងនឹងការនាំចូលដំណាំ បន្លែ ផ្លែឈើរបស់អាមេរិក ហើយជួយ​សម្រួល​ដល់​ក្រុមហ៊ុន​អាមេរិក ដែល​កំពុងធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេសរបស់ខ្លួន ជុំវិញ​ការ​អនុញ្ញាត និង​ការ​លើក​ទឹក​ចិត្តជាដើម។

គួរបញ្ជាក់ថា លោក Airlangga កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៉ីនតោន រួមជាមួយគណៈប្រតិភូនៃមន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៉ីផ្សេងទៀត ដែលទៅជួបសមភាគីអាមេរិក សម្រាប់ការពិភាក្សាអំពីពន្ធគយ​ ៣២ភាគរយលើការនាំចេញរបស់ខ្លួន និងដែលត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកការអនុវត្តរយៈពេល ៩០ថ្ងៃសិន ដូចប្រទេសដ៏ទៃ។ បន្ទាប់ពីជួបប្រជុំជាមួយតំណាងពាណិជ្ជកម្មអាមេរិក និងរដ្ឋមន្រ្តីពាណិជ្ជកម្ម ប្រទេសទាំងពីរបានយល់ព្រមបញ្ចប់ការចរចា ក្នុងរយៈពេល ៦០ថ្ងៃខាងមុខ៕