(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងជួបព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ Charles នៅចក្រភពអង់គ្លេស អំឡុងខែកញ្ញាខាងមុខ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទី២មិនធ្លាប់មាន ដែលទីក្រុងឡុងដ៍សង្ឃឹមថា នឹងជួយពង្រឹងទំនាក់ទំនង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer បានប្រគល់ឱ្យលោក ត្រាំ នូវលិខិតអញ្ជើញទស្សនកិច្ចពីព្រះអង្គ Charles អំឡុងជំនួបនៅឯសេតវិមាន កាលពីខែកុម្ភៈកន្លងទៅ។ ពាក់ព័ន្ធនឹងកាលបរិច្ឆេទសម្រាប់គម្រោងដំណើរទស្សនកិច្ចនេះ លោក ត្រាំ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំគិតថា ពួកគេកំពុងកំណត់យកខែកញ្ញា»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងក្លាយជាមេដឹកនាំនយោបាយដំបូងគេបង្អស់ ដែលមានឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ នៅចក្រភពអង់គ្លេស។ លោក ត្រាំ បានធ្វើទស្សនកិច្ចជាលើកដំបូងនៅទីនោះ កាលពីឆ្នាំ២០១៩ អំឡុងពេលលោកជាប្រធានាធិបតីអាមេរិក អាណត្តិទី១៕