(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei បានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់លោក ឱ្យទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយនិងលិខិតមួយច្បាប់ផ្ញើជូន លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីប្រាប់វិមានក្រឹមឡាំង អំពីកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ ២០២៥។
រដ្ឋបាលលោក ត្រាំ និងអ៉ីរ៉ង់ បានជួបពិភាក្សាគ្នា នៅប្រទេសអូម៉ង់ កាលពីចុងសប្តាហ៍មុន ដោយភាគីទាំងពីរ បានពិពណ៌នាថា មានភាពវិជ្ជមាន និងលក្ខណៈស្ថាបនា។ ចំណែកកិច្ចចរចាជុំទីពីរ គ្រោងធ្វើឡើងក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី នាចុងសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានប្រាប់ទូរទស្សន៍រដ្ឋថា «ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ យើងតែងតែមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយមិត្តចិន និងរុស្ស៉ី។ ឥឡូវនេះ វាជាឱកាសល្អក្នុងការធ្វើដូច្នេះ ជាមួយមន្ត្រីរុស្ស៊ី»។ លោក Araqchi បានឱ្យដឹងថា លោកកំពុងនាំយកលិខិតមួយច្បាប់ ទៅកាន់លោក ពូទីន ដែលលិខិតនោះមាននិយាយអំពីបញ្ហាតំបន់ និងទ្វេភាគី។
គួរបញ្ជាក់ថា រុស្ស៉ី គឺជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អ៉ីរ៉ង់ និងបានដើរតួនាទីក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងទីក្រុងតេហេរ៉ង់ជាមួយលោកខាងលិច ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ដោយអំណាចវេតូ និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលលោក ត្រាំ បានបោះបង់ចោលអំឡុងអាណត្តិដំបូងឆ្នាំ ២០១៨៕