(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃទី៩ ខែមេសា បានអះអាងថាជនជាតិចិនរាប់រយនាក់កំពុងជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ តាមលោក ហ្សេលេនស្គី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានរកឃើញថាមានជនជាតិចិន ១៥៥នាក់ កំពុងចូលរួមនៅក្នុងសង្រ្គាមលើទឹកដីអ៊ុយក្រែន ហើយតួលេខពិតប្រាកដអាចនឹងមានច្រើន ជាងនេះ។ កាលពីថ្ងៃទី៨ ខែមេសា លោក ហ្សេលេនស្គី ក៏បានឱ្យដឹងដែរថាយោធារបស់លោកបានចាប់ខ្លួនជនជាតិចិន២នាក់ ដែលកំពុងជួយកងទ័ពរុស្ស៉ីប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែន រូបនេះបន្ថែមថាការចាប់ខ្លួនជនជាតិចិនទាំង២នាក់ បានបង្ហាញថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មានបំណងបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន ដែលនេះគំរាមកំហែងដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ដូច្នេះការចាប់ខ្លួនជនជាតិចិននៅអ៊ុយក្រែន ប្រសិនបើជាការពិតមែន តើវាអាចសន្មត់បានថាទីក្រុងប៉េកាំងផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន ឬក៏ថាតើចិនពិតជាបញ្ជូនកងទ័ពឱ្យទៅជួយរុស្ស៉ី មែនឬ?
* តើមានអ្វីបានកើតឡើង?
លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៩ ខែមេសាថា មានជនជាតិចិន១៥៥នាក់ដោយមានទាំងឈ្មោះ និងលិខិឆ្លងដែន កំពុងជួយកងទ័ពរុស្ស៉ីប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។ លោកបន្ថែមថាលោកមិនដឹងថាតើរដ្ឋាភិបាលចិនបានបញ្ជូន ឬបញ្ជាឱ្យជនជាតិរបស់ខ្លួនចូលរួមក្នុងសង្រ្គាមអ៊ុយក្រែន ឬក៏យ៉ាងណានោះទេ? ប៉ុន្តែលោក ហ្សេលេនស្គីជឿថាខាងរដ្ឋាភិបាលចិនពិតជាបានដឹង អំពីរឿងនេះ។ ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី កើតមានឡើងបន្ទាប់ពីកាលពីថ្ងៃទី៨ ខែមេសា មេដឹកនាំអ៊ុយក្រែនរូបនេះបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា «ជនជាតិចិន២នាក់ ត្រូវបានយោធាអ៊ុយក្រែនចាប់ខ្លួន នៅក្នុងតំបន់ Donetsk»។ តាមលោក ហ្សេលេនស្គី យោធាអ៊ុយក្រែនបានរកឃើញឯកសារអត្តសញ្ញាណ កាតធនាគារ និងទិន្នន័យផ្ទាល់ខ្លួន ដែលកាន់កាប់ដោយ ជនជាតិចិនដែលត្រូវបានចាប់ខ្លួន។
* តើចិនឆ្លើយតបវិញយ៉ាងដូចម្ដេច?
ចិនបានទាត់ចោលការអះអាងរបស់លោក ហ្សេលេនស្គីដែលថាជនជាតិចិនរាប់រយនាក់កំពុងប្រយុទ្ធនៅក្នុងសង្រ្គាមអ៊ុយក្រែន។ «ការអះអាងរបៀបនេះគ្មានមូលដ្ឋានអ្វីទាំងអស់។ ជាការពិត គោលជំហររបស់ ចិនចំពោះវិបត្តិអ៊ុយក្រែនមានភាពច្បាស់លាស់។ រដ្ឋាភិបាលចិនតែងតែស្នើឱ្យពលរដ្ឋរបស់ខ្លួននៅឱ្យឆ្ងាយពីតំបន់មានជម្លោះប្រដាប់អាវុធ និងចៀសវាងការចូលរួមនៅក្នុងជម្លោះប្រដាប់អាវុធគ្រប់ទម្រង់ ទាំងអស់»។ នេះជាការគូសបញ្ជាក់របស់លោក Lin Jian ជាអ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី៩ ខែមេសា។
* តើធ្លាប់មានសេចក្ដីរាយការណ៍ពីជនជាតិចិនប្រយុទ្ធនៅអ៊ុយក្រែនទេ?
កន្លងមក ក៏ធ្លាប់មានព័ត៌មានអំពីវត្តមានទាហានស៊ីឈ្នួលជាជនជាតិចិននៅក្នុងសង្រ្គាមអ៊ុយក្រែនដែរ។ តួយ៉ាង កាលពីថ្ងៃទី៦ ខែមេសា សារព័ត៌មានបារាំង ឡឺ ម៉ង់ (Le Monde) បានរាយការណ៍ថាខ្លួនបាន កំណត់អត្តសញ្ញាណគណនីបណ្ដាញទំនាក់ទំនងសង្គមជនជាតិចិន៤០នាក់ ដែលបានអះអាងថាពួកគេបានចូលរួមក្នុងជួរកងទ័ពរុស្ស៉ី។ សារព័ត៌មានបារាំងមួយនេះថែមទាំងបានសម្ភាសន៍ទៀតផងជាមួយ បុរសជាជនជាតិចិនមា្នក់មានអាយុ ៣៧ឆ្នាំ ដែលបានចូលរួមក្នុងសង្រ្គាមអ៊ុយក្រែន ក្នុងនាមជាទាហានស៊ីឈ្នួលបរទេស កាលពីខែកក្កដា ឆ្នាំ២០២៣ និងក្រោយមកបានត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ចំណែក ទស្សនាវដ្ដីអាមេរិក Newsweek កាលពីឆ្នាំ២០២៤ ក៏បានរាយការណ៍ដែរថាមានសេចក្ដីរាយការណ៍ជាច្រើននៅលើបណ្ដាញទំនាក់ទំនងសង្គមថាកងកម្លាំងអ៊ុយក្រែនបានសម្លាប់ទាហានស៊ីឈ្នួល ជាជនជាតិចិន២នាក់។ ក៏ប៉ុន្តែមិនមានភស្តុតាងទេ ហើយ Newsweek ក៏មិនអាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះដែរ។
* ដូច្នេះតើចិនពិតជាបញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយរុស្ស៉ីមែនឬ?
តាមពិតទៅ ទោះជាការអះអាងរបស់លោក ហ្សេលេនស្គីថាមានជនជាតិចិនកំពុងជួយកងទ័ពរុស្ស៉ីប្រយុទ្ធប្រឆាំងអ៊ុយក្រែនជារឿងពិតក៏ដោយ ក៏វាមិនអាចបញ្ជាក់បានថាចិនបានបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។ មានទាហានស៊ីឈ្នួលមកពីបណ្ដាប្រទេសជាច្រើន ដែលបានធ្វើដំណើរទៅដល់រុស្ស៉ី ដោយបន្លំខ្លួនជាភ្ញៀវទេសចរ និងក្រោយមកបានចូលរួមជាមួយកងទ័ពរុស្ស៉ីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។ ក៏មានផងដែរទាហានស៊ីឈ្នួលដែលចូលរួមជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី ហើយទាហានស៊ីឈ្នួលទាំងនោះត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចូលរួមជាមួយកងទ័ពរុស្ស៉ី ឬអ៊ុយក្រែន ជាថ្នូរទៅនឹងប្រាក់រង្វាន់ ឬការសន្យាផ្ដល់ការងារជាដើម។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ លោក ពូទីន បានបង្ហាញការគាំទ្រដល់ផែនការមួយ ដើម្បីអនុញ្ញាតឱ្យអ្នកប្រយុទ្ធបរទេសចូលរួមជាមួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។ ទាហានស៊ីឈ្នួលភាគច្រើនមកពី តំបន់អាស៊ីខាងត្បូងដូចជាប្រទេសនេប៉ាល់ ឥណ្ឌា និងស្រីលង្កា។ តាមក្រសួងការបរទេសនេប៉ាល់ បុរសជាជនជាតិនេប៉ាល់ប្រហែលជា ២០០នាក់ បានចូលរួមជាមួយកងទ័ពរុស្ស៉ី គិតត្រឹមចុងឆ្នាំ២០២៣។ ចំណែក កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងថាមានជនជាតិឥណ្ឌា ១២៧នាក់ បានចូលរួមក្នុងជួរកងទ័ពរុស្ស៉ី ទៅប្រយុទ្ធនៅអ៊ុយក្រែន។
កូរ៉េខាងត្បូងវិញបានអះអាងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពច្រើនជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ជាពិសេសក្នុងកិច្ចប្រឹងប្រែងវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ Kursk របស់រុស្ស៉ី។ ព្រមពេលជាមួយគ្នា សារព័ត៌មាន Paper Bogota មានមូលដ្ឋានក្នុងប្រទេសកូឡុំប៊ី បានរាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ថាមានទាហានស៊ីឈ្នួលកូឡុំប៊ីជាង ៣០០នាក់ដែលចូលរួមជាមួយកងទ័ពអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៉ី ត្រូវបានសម្លាប់អំឡុងសង្រ្គាម។ ជនជាតិស្រីលង្កា និងឥណ្ឌាមួយចំនួនក៏បានចូលរួមជាមួយកងទ័ពអ៊ុយក្រែនផងដែរ។ លើសពីនេះទៅទៀត ពលរដ្ឋមកពីបណ្ដា ប្រទេសលោកខាងលិចមួយចំនួនក៏បានប្រឡូកក្នុងសង្រ្គាម ដោយចូលរួមជាមួយកងទ័ពអ៊ុយក្រែនដែរ ហើយក្នុងនោះទៀតសោត ភាគច្រើនគឺជាជនជាតិអាមេរិក។
គេមិនដឹងថាតើមានជនជាតិអាមេរិកប៉ុន្មាននាក់ដែលកំពុងប្រឡូកក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។ តែការស៊ើបអង្កេតមួយរបស់ទូរទស្សន៍ CNN ចេញផ្សាយកាលពីខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនជាតិអាមេរិក ២០នាក់ បានបាត់ខ្លួនក្នុងពេលចូលរួមប្រយុទ្ធនៅអ៊ុយក្រែន៕