(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថាប្រទេសរបស់លោកជឿជាក់ថាការឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីកម្មវិធីនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក អាចធ្វើទៅរួច ប្រសិនបើទីក្រុង វ៉ាស៊ីនតោនមានភាពប្រាកដប្រជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ ទី១៨ ខែមេសា បន្ទាប់ពីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov លោកប្រមុខការទូតអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេ (សហរដ្ឋអាមេរិក) មានឆន្ទៈពិតប្រាកដ ហើយមិនដាក់សំណើដែលគ្មានភាពប្រាកដប្រជាទេនោះ ការឈានដល់កិច្ចព្រមព្រៀងគឺអាចធ្វើទៅរួច»។ លោក Abbas Araqchi បានបន្ថែមថាអ៉ីរ៉ង់បានកត់សម្គាល់ឃើញពី ភាពប្រាកដប្រជារបស់សហរដ្ឋអាមេរិក អំឡុងកិច្ចពិភាក្សាជុំទី១ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ដែលបានប្រព្រឹត្តទៅក្នុងប្រទេសអូម៉ង់ កាលពីសប្ដាហ៍មុន។ ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei កិច្ចចរចាជុំទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃសោរ៍ ទី១៩ ខែមេសា ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាអ៉ីរ៉ង់បានប្រាប់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចាកាលពីសប្ដាហ៍មុនថាតេហេរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកការដាក់កំហិតមួយចំនួនលើ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយចំនួនរបស់ខ្លួន ប៉ុន្តែចង់បានការធានាថាលោក ដូណាល់ ត្រាំ នឹងមិនដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយសាជាថ្មីទៀតនោះទេ។ លោក ត្រាំ បានគំរាមថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ជម្រើសយោធា ប្រសិនបើអ៉ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកស្ដីពីកម្មវិធីនុយក្លេអ៊ែរ។

អ៉ីរ៉ង់តែងតែអះអាងជារឿយៗថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមិនមានគោលបំណងផលិតអាវុធនុយក្លេអ៊ែរឡើយ តែលោកខាងលិចនៅតែជឿថាតេហេរ៉ង់ចិញ្ចឹមចិត្តចង់ផលិតអាវុធនុយក្លេអ៊ែរ៕