(សាណា)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា ក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែន បាននិយាយថា ពួកគេបានបាញ់ទម្លាក់ យន្តហោះដ្រូនយោធា MQ-9 ១គ្រឿងទៀត របស់សហរដ្ឋអាមេរិក នៅលើខេត្ត Sanaa ក្នុងរយៈពេល២៤ម៉ោង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី បាននិយាយដូច្នេះថា «យន្តហោះដ្រូនខាងលើ ត្រូវបានបាញ់ទម្លាក់ ដោយប្រើប្រាស់មីស៉ីលផលិតក្នុងស្រុក។ វាគឺជាយន្តហោះដ្រូន MQ-9 ទី២ ដែលបានប្រព័ន្ធការពារដែនអាកាសយើង បាញ់ធ្លាក់ដោយជោគជ័យក្នុងរយៈពេល២៤ម៉ោង និងជាគ្រឿងទី២១ ដែលពួកយើងបានបាញ់ធ្លាក់ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក»។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ្នកនាំពាក្យដដែល បានអះអាងពីការបាញ់ទម្លាក់ យន្តហោះដ្រូន MQ-9 អាមេរិក ១គ្រឿងទៀត។ ខាងសហរដ្ឋអាមេរិក មិនទាន់បានធ្វើការអត្ថាធិប្បាយនៅឡើយទេ ជុំវិញការអះអាងរបស់ក្រុមហ៊ូទី។
គួរបញ្ជាក់ថា ភាពតានតឹងរវាងហ៊ូទីនិងអាមេរិក បានកើនឡើងចាប់តាំងពីទីក្រុងវ៉ាស៉ីនតោន បានបន្តការវាយប្រហារតាមអាកាស លើគោលដៅរបស់ហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា បន្ទាប់ពីក្រុមឧទ្ទាមនេះ បានប្រកាសផែនការបន្តវាយប្រហារលើគោលដៅរបស់អ៉ីស្រាអែល ពាក់ព័ន្ធបញ្ហាសង្រ្គាមនៅតំបន់ហ្កាហ្សា៕