(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២១ ខែមេសា បានព្រមានបណ្ដាប្រទេសទាំងឡាយ ប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យចិនខាតបង់ នៅចំពោះមុខ សង្រ្គាមពាណិជ្ជកម្មកាន់តែក្ដៅគគុករវាងមហាយក្សសេដ្ឋកិច្ចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយថាទីក្រុងប៉េកាំងគោរពដល់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការកិច្ចពិភាក្សាផ្អែកលើគោលការណ៍ ស្មើភាព។ ប៉ុន្តែ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងគ្រប់ភាគីដែលចុះកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យចិនខាតបង់។ ក្រសួងពាណិជ្ជកម្មចិន បន្ថែមទៀតថាប៉េកាំងនឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ ក្នុង ករណីដែលប្រទេសណាមួយចុះកិច្ចព្រមព្រៀងរបៀបនេះ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មចិន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន និងកំពុងត្រៀមលក្ខណៈដាក់សម្ពាធលើ បណ្ដាប្រទេសដទៃឱ្យដាក់កំហិតលើការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន ជាថ្នូរទៅនឹងការលើកលែងពន្ធគយពីសហរដ្ឋអាមេរិក៕