(ហ្សឺណែវ)៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក បានបង្កើនហានិភ័យមកលើវិបត្តិមនុស្សធម៌ដ៏ស្រួចស្រាវ នៅទូទាំងពិភពលោក ស្របពេលដែលមានការព្រមាន ដកខ្លួនចេញទាំងស្រុងពីស្ថាប័នអង្គការសហប្រជាជាតិមួយនេះថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ ២០២៥។
ទីក្រុងវ៉ាស៉ីនតោន ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ជាយូរណាស់មកហើយ មិនបានផ្តល់ថវិកាសម្រាប់ឆ្នាំ ២០២៤នោះទេ ហើយក៏មិនប្រាកដដែរថាសហរដ្ឋអាមេរិក នឹងបំពេញកាតព្វកិច្ចសមាជិកភាពរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ឬអត់។ តាមរបាយការណ៍ដែល AFP ដកស្រង់មក WHO ប្រឈមមុខនឹងភាពខ្វះខាតក្នុងឆ្នាំនេះ ហើយបានស្នើឱ្យកាត់បន្ថយថវិកាមួយភាគប្រាំ ដោយទំនងជានឹងនាំដល់ការកាត់បន្ថយលទ្ធភាព និងកម្លាំងការងារ។
នាយកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើតនៃ WHO លោកស្រី Hanan Balkhy បានប្រាប់ AFP ថា «WHO រួមជាមួយដៃគូរបស់ខ្លួន មានតួនាទីសំខាន់ក្នុងការទ្រទ្រង់ ស្តារឡើងវិញនូវប្រព័ន្ធថែទាំសុខភាព បណ្តុះបណ្តាលក្រុមវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់ និងសង្រ្គោះបឋម។ ប៉ុន្តែភាគច្រើននៃកម្មវិធីទាំងនេះបានបញ្ឈប់ ឬមិនអាចបន្តដំណើរការទៀតបានឡើយ»។ លោកស្រី Balkhy បានលើកពីសង្រ្គាមកំពុងបន្តនៅហ្កាហ្សា ស៊ូដង់ និងយេម៉ែន ដែលជាតំបន់ត្រូវការជាចាំបាច់នូវការថែទាំសុខភាព និងកម្មវិធីផ្តល់ជំនួយថាបានរងសម្ពាធរួចទៅហើយ តាំងពីមុនការផ្អាកមូលនិធិមកម្ល៉េះ។
គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កកជំនួយមូលនិធិបរទេស រុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងកម្មវិធីផ្សេងទៀត ហើយបានប្រកាសពីផែនការចាកចេញពី WHO៕