(ញូវដែលី)៖ នាថ្ងៃចន្ទ ទី២១ ខែមេសា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសឥណ្ឌា ហើយនឹងបើកកិច្ចពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ស្របពេល​ដែលទីក្រុងញូវដែលី កំពុងរួសរាន់ដើម្បីបញ្ចៀសការយកពន្ធគយខ្ពស់ពីអាមេរិក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយពង្រឹងចំណងទាក់ទង ជាមួយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅថ្ងៃចន្ទនេះ លោក Vance បានធ្វើដំណើរមកដល់ព្រលានយន្តហោះ Palam នៃរដ្ឋធានីញូវដែលី ក្រោយបំពេញទស្សនកិច្ច នៅទីក្រុងរ៉ូម។ លោក Modi និងលោក Vance ត្រូវបានរំពឹងថា នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាព ជុំវិញរបៀបវារៈទ្វេភាគី ដែលត្រូវបានដាក់ចេញកាលពីខែកុម្ភៈ នៅពេលដែលលោកនាយករដ្ឋមន្រ្តីឥណ្ឌា បានជួបលោក ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន។ ក្នុងរបៀបវារៈនោះ រួមមានទាំងការធ្វើពាណិជ្ជកម្មទៅវិញទៅមកដោយស្មើភាព និងការជំរុញភាពជាដៃគូក្នុងវិស័យការពារជាតិ។

គួរបញ្ជាក់ថា ទីក្រុងញូវដែលីរំពឹងនឹងអាច សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក អំឡុងរយៈពេល៩០ថ្ងៃ នៃការពន្យារវិធានការដំឡើងពន្ធគយខ្ពស់ជាសកល ដែលលោក ត្រាំ បានប្រកាសកាលពីថ្ងៃទី៩ ខែមេសា ទៅលើបណ្តាដៃគូពាណិជ្ជកម្មនានារបស់អាមេរិក ក្នុងនោះរួមមានទាំងដៃគូពាណិជ្ជកម្មធំៗ ដូចជាឥណ្ឌា។ ដោយឡែក ទស្សនកិច្ច​របស់លោក ​Vance នាពេលនេះ ក៏ត្រូវបានមើលឃើញផងដែរថា ជាការត្រៀមលក្ខណៈមួយ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ផ្ទាល់ មកកាន់ប្រទេសឥណ្ឌា នៅពេលខាងមុខក្នុងឆ្នាំនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល Quad ដែលរួមមានឥណ្ឌា អូស្រ្តាលី ជប៉ុន និងសហរដ្ឋអាមេរិក៕