(សាន់សាល់វ៉ាឌ័រ)៖ ប្រធានាធិបតីអែលសាវ៉ាឌ័រ លោក Nayib Bukele បានលើកសំណើបញ្ជូនជនជាតិវ៉េណេស៊ុយអេឡាចំនួន ២៥២នាក់ ដែលនិរទេសចេញពីសហរដ្ឋអាមេរិក ហើយកំពុងស្ថិតក្នុងពន្ធនាគារនៃប្រទេសរបស់លោក មកធ្វើជាថ្នូរនឹងការដោះលែង អ្នកទោសនយោបាយ នៅវ៉េណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ ២០២៥។
លោក Bukele ស្នើឱ្យលោកប្រធានាធិបតី Nicolas Maduro ប្រគល់អ្នកទោសនយោបាយ រួមទាំងអ្នកកាសែត លោក Roland Carreno មេធាវីសិទ្ធិមនុស្សពីររូប និងម្តាយរបស់មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado។ ក្រៅពីនេះ ក៏មានអ្នកជាប់ឃុំប្រហែល ៥០នាក់ដែលមានសញ្ជាតិផ្សេងៗគ្នា រួមទាំងពលរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងផងដែរ។
ប៉ុន្តែអគ្គរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា លោក Tarek William Saab បានរិះគន់សំណើនេះ ហើយចោទប្រកាន់អែលសាវ៉ាឌ័រ ពីការឃុំខ្លួនជនជាតិរបស់ខ្លួនទាំង ២៥២នាក់ដោយខុសច្បាប់។ លោក Saab ទាមទារចង់ដឹងពីបទឧក្រិដ្ឋ ដែលនាំឱ្យពួកត្រូវជាប់ឃុំ និងថាតើពួកគេបានបង្ហាញខ្លួនចំពោះមុខចៅក្រម មានសិទ្ធិទទួលបានការប្រឹក្សាផ្នែកច្បាប់ ឬត្រូវបានអនុញ្ញាតឱ្យទាក់ទងសមាជិកគ្រួសារ ឬអត់?។
គួរបញ្ជាក់ថា កាលពីខែមុន រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិរទេសជនជាតិវ៉េណេស៊ុយអេឡាយ៉ាងតិច ២០០នាក់ពីសហរដ្ឋអាមេរិកទៅកាន់អែលសាវ៉ាឌ័រ ដោយចោទប្រកាន់ពួកគេថាជាសមាជិកនៃក្រុមឧក្រិដ្ឋជន Tren de Aragua។ សហរដ្ឋអាមេរិក បានចាយលុយ៦លានដុល្លារឱ្យដល់អែលសាវ៉ាឌ័រ សម្រាប់ឃុំខ្លួនជនចំណាកស្រុក នៅក្នុងមជ្ឈមណ្ឌលបង្ខាំងអំពើភេរវកម្ម ដែលមានការយាមកាមតឹងរ៉ឹងបំផុត៕