(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ជំហររបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការច្រានចោលសមាជិកភាព នៃសម្ព័ន្ធយោធាណាតូសម្រាប់ប្រទេសអ៊ុយក្រែន គឺធ្វើឲ្យទីក្រុងមូស្គូពេញចិត្ត ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើក្តីសង្ឃឹមរបស់លោក ត្រាំ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពក្នុងសប្តាហ៍នេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបេសកជនអាមេរិក ឧត្តមសេនីយ៍ Keith Kellogg បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកភាពណាតូគឺ «មិនស្ថិតនៅក្នុងការពិចារណាទេ» សម្រាប់អ៊ុយក្រែនឡើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «យើងបានឮពីទីក្រុងវ៉ាស៊ីនតោន...ថាសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូត្រូវបានដកចេញ»។ លោកបានបន្ថែមថា សមាជិកភាពបែបនេះនឹង «គំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់សហព័ន្ធរុស្ស៊ី... ហើយតាមពិត នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជម្លោះនេះ»។
លោក ពូទីន បានអះអាងជាបន្តបន្ទាប់ថា រុស្ស៊ីនឹងព្រមបញ្ចប់សង្គ្រាម ប្រសិនបើអ៊ុយក្រែនបោះបង់ចោលជាផ្លូវការនូវមហិច្ឆតាចូលរួមណាតូ និងដកកងទ័ពចេញពីតំបន់ចំនួនបួនដែលរុស្ស៊ីទាមទារកាន់កាប់។ ទីភ្នាក់ងារ Reuters ក៏ធ្លាប់បានរាយការណ៍កាលពីខែវិច្ឆិកាថា លោក ពូទីន ត្រៀមខ្លួនចរចាជាមួយលោក ត្រាំ ប៉ុន្តែនឹងមិនធ្វើសម្បទានទឹកដីធំដុំ ហើយទទូចឲ្យអ៊ុយក្រែនបោះបង់មហិច្ឆតាណាតូ។
ទាក់ទងនឹងការលើកឡើងរបស់លោក ត្រាំ កាលពីថ្ងៃអាទិត្យ ដែលថាលោកសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ លោក Peskov បាននិយាយថា «ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយណាមួយនៅពេលនេះទេ ជាពិសេសអំពីពេលវេលា»។ ទោះយ៉ាងណា លោកបានបញ្ជាក់ថា លោក ពូទីន និងភាគីរុស្ស៊ីនៅតែបើកចំហរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយកំពុងបន្តធ្វើការជាមួយភាគីអាមេរិក ដោយសង្ឃឹមថានឹងមានលទ្ធផល។
លោក Peskov ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍របស់ Bloomberg ដែលថា សហរដ្ឋអាមេរិកអាចនឹងទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមៀជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពនោះដែរ។ លោកបានថ្លែងថា៖ «ការងារស្វែងរកដំណោះស្រាយដោយសន្តិវិធី មិនអាច ហើយក៏មិនគួរធ្វើឡើងជាសាធារណៈដែរ... វាគួរតែប្រព្រឹត្តទៅដោយឡែកពីគេពិតប្រាកដ»៕