(ឡុងដ៏)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា លោក Keir Starmer និងនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon ត្រូវបានគេរំពឹងថា នឹងឯភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខ រួមទាំងការបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងជំនួបនាថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្រ្តីទាំងពីរ នឹងចុះទៅមើលផ្ទាល់នូវការងារដែលកងទ័ពអង់គ្លេស-នូវែលសេឡង់កំពុងធ្វើ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន នៅភាគនិរតីនៃប្រទេសអង់គ្លេស ហើយលោក Luxon ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមនេះ រហូតដល់ដំណាច់ឆ្នាំ។
មេដឹកនាំទាំងពីរក៏នឹងពិភាក្សា អំពីផែនការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយរដ្ឋមន្ត្រីត្រូវបានណែនាំឱ្យធ្វើការ ក្រោមភាពជាដៃគូនៃវិស័យការពារជាតិរួមគ្នាក្នុងកម្រិតថ្មី។ តាមលោក Starmer ចក្រភពអង់គ្លេស និងនូវែលសេឡង់ នឹងឈរប្រកៀកស្មាគ្នា ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព រាប់ជំនាន់តទៅមុខ៕