(ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី២២ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះ ក្នុងគ្រោះអគ្គីភ័យ បង្កឡើងដោយរញ្ជួយដីកាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា បានផ្តាច់ជីវិតមនុស្សជាង៣៧០០នាក់ ខណៈទីក្រុង Mandalay ដែលជា​ទីក្រុងមានមនុស្សរស់នៅច្រើនបំផុតលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។ ក្រោយគ្រោះរញ្ជួយដីនោះ អគ្គីភ័យមួយបានកើតឡើង នៅសាកលវិទ្យាល័យ Mandalay University ហើយឆាបឆេះ សន្លឹកកិច្ចការរបស់សិស្សចំនួន៦២ ៩៥៤រូប ដែលស្ថិតក្រោមដំណើរការផ្តល់ពិន្ទុ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍នៅថ្ងៃអង្គារនេះ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ការប្រឡងសាឡើងវិញ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា។ កាលពីឆ្នាំមុន សិស្សសរុបប្រហែល១៣០ ០០០នាក់ បានធ្វើការប្រឡងចូលសាកលវិទ្យាល័យ នៅទូទាំងប្រទេស៕