(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា ចិនបានចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយ លោក Li Gang ដោយសង្ស័យពីបទទទួលសំណូក ខណៈប្រទេសនេះបន្តបង្រ្កាបអំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។

លោក Li Gang ធ្លាប់ជាប្រធានក្រុមអធិការកិច្ច និងត្រួតពិនិត្យវិន័យរបស់គណបក្សកុម្មុយនិស្តចិន ដែលមានតួនាទីខាងធនធានមនុស្ស ផ្តល់តួនាទីឱ្យសមាជិកបក្ស។

ចិន ​បាន​និង​កំពុង​ធ្វើ​ការ​ប្រឆាំង​មន្រ្តីថ្នាក់ខ្ពស់ ជុំវិញបញ្ហា​អំពើ​ពុក​រលួយ ដោយ​បើកការស៉ើបអង្កេត​ ចាប់តាំងពី​ឆ្នាំ​មុន​ទៅ​លើ​ទេសាភិបាលរង​ធនាគារ​កណ្តាល មន្ត្រី​យោធា​លំដាប់​កំពូល និង​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​មួយ​នៅប្រទេសចិនផងដែរ។

ប្រធានាធិបតី លោក ស៉ី ជីនពីង ចាត់ទុកអំពើពុករលួយថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះបក្សកុម្មុយនិស្ត។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកឃ្លាំមើល ការប្រឆាំងអំពើពុករលួយកំពូល កាលពីខែមករា លោក ស៉ី ថា អំពើពុករលួយនៅតែរីករាលដាល ហើយកំពុងកើនឡើងនៅក្នុងប្រទេសចិន៕