(ប៉ារីស)៖ ក្រុមអ្នកជំនាញខាងសន្តិសុខ បានឱ្យដឹងថា និយាយដល់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយអាកាសធាតុ ដែលកំពុងកើនឡើង ការប៉ះទង្គិចគ្នាខាងផ្នែកយោធា មិនអាចប្រៀបនឹងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុបានឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ ២០២៥។
ក្តីបារម្ភបានលេចចេញកាន់តែខ្លាំង ថាសកម្មភាពអាកាសធាតុកំពុងត្រូវបានដកចេញ នៅពេលអឺរ៉ុបបង្កើនការការពារជាតិ ហើយសហរដ្ឋអាមេរិកក៏ដកថយពីសម្ព័ន្ធមិត្ត និងការប្តេជ្ញាចិត្តផ្នែកបរិស្ថាន។ ក្រសួងការពារជាតិនៃប្រទេសមួយចំនួន ក៏បានទទួលស្គាល់ដែរថា ការឡើងកំដៅផែនដី បង្កជាបញ្ហាប្រឈមសន្តិសុខជាតិធំៗ ហើយយោធាចាំបាច់ត្រូវសម្របខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងវិវត្តន៍ទាំងនេះ។
លោកស្រី Erin Sikorsky នាយកមជ្ឈមណ្ឌលសម្រាប់កិច្ចការអាកាសធាតុ និងសន្តិសុខ មានមូលដ្ឋាននៅទីក្រុងវ៉ាស៉ីនតោន បញ្ជាក់ថា «អាកាសធាតុមិនខ្វល់ថា នរណាជាប្រធានាធិបតី ឬអ្វីជាគោលដៅនយោបាយរបស់អ្នកនោះទេ។ វាកំពុងតែមកដល់ ហើយយោធាត្រូវតែត្រៀមលក្ខណៈ»។
គួរបញ្ជាក់ថា នៅឯសហរដ្ឋអាមេរិក រដ្ឋបាលលោក ត្រាំ បានដកសេចក្តីចាត់ថ្នាក់អំពីការឡើងកំដៅផែនដី ចេញពីគេហទំព័ររបស់ រដ្ឋាភិបាល ហើយការវាយតម្លៃលើការគំរាមកំហែងថ្មីចុងក្រោយ មិនមាននិយាយអំពីការប្រែប្រួលអាកាសធាតុនោះទេ។
ការណ៍នេះ បានបន្សល់ទុកនូវគម្លាយជាយុទ្ធសាស្ត្រសំខាន់ៗ ជាពិសេសនៅពេលនិយាយ អំពីមហាអំណាចថាមពលកកើតឡើងវិញរបស់ចិន និងការប្រជែងដណ្តើមអំណាចកំពូលនៅតំបន់អាក់ទិក ជាកន្លែងមានការរលាយទឹកកក កំពុងប៉ះពាល់ដល់ផ្លូវដឹកជញ្ជូន និងលទ្ធភាពទទួលបានធនធាន។
នៅអឺរ៉ុប ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បង្កឱ្យមានការភ័យខ្លាចផ្នែកសន្តិសុខថាមពល និងពន្លឿនមហិច្ឆិតា បង្កើតឡើងវិញរបស់ប្រទេសជាច្រើន។ ប៉ុន្តែប៉ុន្មានខែចុងក្រោយ ប្រទេសនានា បានកាត់បន្ថយជំនួយអភិវឌ្ឍអន្តរជាតិ ទុកឱ្យបញ្ហាថវិកាអាកាសធាតុក្លាយជាចម្ងល់មួយ ខណៈដែលអាទិភាពនៃការចំណាយ ប្រែទៅផ្តោតលើវិស័យការពារជាតិ និងពាណិជ្ជកម្ម៕