(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានឱ្យដឹងថា លោករដ្ឋមន្ត្រី Marco Rubio នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២៥។
បន្ទាប់ពីជួបសមភាគីអង់គ្លេស លោក Rubio និយាយថា លោកកំពុងកំណត់ពេលទៅកាន់ចក្រភពអង់គ្លេសឡើងវិញ នៅប៉ុន្មានខែខាងមុខ។ ប៉ុន្តែកិច្ចពិភាក្សានឹងបន្តទៅមុខ ហើយបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែន លោក Keith Kellogg នឹងចូលរួមកិច្ចពិភាក្សានោះ។
លោកស្រី Bruce បានប្រាប់សន្និសីទសារព័ត៌មានថា «ករណីពិសេសនេះ កិច្ចប្រជុំក្នុងទីក្រុងឡុងដ៍នៅតែធ្វើឡើងដដែល ប៉ុន្តែគាត់ (Rubio) នឹងមិនចូលរួមទេ។ ប៉ុន្តែអវត្តមាននេះមិនទាក់ទងនឹងកិច្ចប្រជុំនោះឡើយ តែជាបញ្ហាពេលវេលារបស់គាត់»។
គួរបញ្ជាក់ថា គេមិនច្បាស់ទេថា អវត្តមានអ្នកការទូតកំពូលរបស់ទីក្រុងវ៉ាស៉ីនតោន ចង់បង្ហាញថា លោក ត្រាំ បន្ទាបការរំពឹងទុកពីកិច្ចប្រជុំ ឬុយ៉ាងណា។ ថ្មីៗនេះ លោក Marco បាននិយាយថា សហរដ្ឋអាមេរិក នឹងដកខ្លួនពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាពរុស្ស៉ី-អ៊ុយក្រែន ប្រសិនបើគ្មានសញ្ញានៃភាពរីកចម្រើនពីការចរចា៕