(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅតែប្រឈមនឹងការខ្វះខាតសព្វាវុធមួយចំនួន ជាពិសេសគឺយន្តហោះគ្មានមនុស្សបើក (ដ្រូន) បើទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មនៅក្នុងស្រុកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធា-ឧស្សាហកម្មរដ្ឋ លោក ពូទីន បានកត់សម្គាល់ថា «ខ្ញុំដឹងយ៉ាងច្បាស់... អាវុធទាំងនេះ (ជាពិសេសដ្រូន) នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»

ទោះជាយ៉ាងណា លោកក៏បានអះអាងដែរថា សហគ្រាសការពារជាតិស្ទើរតែទាំងអស់បានបំពេញការបញ្ជាទិញកាលពីឆ្នាំមុន ហើយផលិតកម្មបានកើនឡើងខ្លាំង។ លោកបានថ្លែងថា «ការផលិតសព្វាវុធ ឧបករណ៍ទំនាក់ទំនង ឧបករណ៍ឈ្លបយកការណ៍ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក បានកើនឡើងទ្វេដង»។ លោក​បាន​បន្ថែម​ថា កងទ័ពបានទទួលរថពាសដែកជាង ៤,០០០គ្រឿង យន្តហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្រ ១៨០គ្រឿង​ ព្រមទាំងដ្រូនជាង ១.៥លានគ្រឿង ក៏ត្រូវបានផលិតផងដែរ រួមទាំងដ្រូន FPV (First-Person View) ប្រហែល ៤,០០០គ្រឿង។

ទន្ទឹមនឹងនោះ លោក ពូទីន បានបង្ហាញទំនុកចិត្តថា ផែនការបង្កើនការផលិតដ្រូននឹងត្រូវបានសម្រេច ដោយសារតែកងទ័ពនៅជួរមុខកំពុងរង់ចាំយ៉ាងអន្ទះសា។ ការអត្ថាធិប្បាយនេះ ហាក់បង្ហាញសញ្ញាថា រុស្ស៊ីមានបំណងជំរុញផលិតកម្មយោធាបន្ថែមទៀត ក្នុងឆ្នាំទីបួននៃសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាកំពុងមានការពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីលទ្ធភាពបញ្ចប់ជម្លោះក៏ដោយ។ រោងចក្រការពារជាតិរុស្ស៊ីបានប្តូរទៅផលិតពេញម៉ោងចាប់តាំងពីសង្គ្រាមផ្ទុះឡើង។

បន្ថែមពីលើផលិតកម្មក្នុងស្រុក រុស្ស៊ីក៏ត្រូវបានគេរាយការណ៍ថា បានទទួលការផ្គត់ផ្គង់យោធាពីប្រទេសផ្សេងទៀតផងដែរ រួមមានដ្រូនប្រភេទ Shahed ពីអ៊ីរ៉ង់ និងគ្រាប់កាំភ្លើងធំ មីស៊ីលបាលីស្ទិក និងប្រព័ន្ធរ៉ុក្កែតពីកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការទទួលស្គាល់ពីកង្វះខាតនេះ ស្របពេលដែលអះអាងពីការបង្កើនផលិតកម្ម បានបង្ហាញពីសម្ពាធ និងតម្រូវការដ៏ធំធេងនៃសព្វាវុធ សម្រាប់យុទ្ធនាការយោធាដ៏យូររបស់រុស្ស៊ីនៅអ៊ុយក្រែន៕