(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិនកាលពីថ្ងៃអង្គារ ដោយបានថ្លែងថា ពន្ធគយដ៏ខ្ពស់លើទំនិញចិននឹង «ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនសូន្យឡើយ» ចំពេលមានភាពប្រែប្រួលខ្លាំងនៅលើទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។

ការកត់សម្គាល់របស់លោក ត្រាំ ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ហាក់បង្ហាញពីការបន្ទន់វោហាសាស្ត្រ បន្ទាប់ពីមានការដំឡើងពន្ធដល់កម្រិតជាង ១៤៥% និងការប្រើសម្តីធ្ងន់ៗជាច្រើនសប្តាហ៍។ លោកបានថ្លែងក្នុងការឆ្លើយសំណួរអ្នកសារព័ត៌មានថា «១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់ថ្នាក់នោះទេ... វានឹងធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែវានឹងមិនសូន្យទេ»។

លោក ត្រាំ បានធ្វើការអត្ថាធិប្បាយនេះ នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent នៅក្នុងសន្និសីទវិនិយោគឯកជនមួយដែលរៀបចំដោយ JP Morgan Chase។ យោងតាមរបាយការណ៍របស់ CNN លោក Bessent បានប្រាប់ក្រុមអ្នកវិនិយោគថា សង្គ្រាមពាណិជ្ជកម្មជាមួយចិនគឺ «មិនបន្តរហូតទេ» ហើយលោក រំពឹងថានឹងមានការបន្ធូរបន្ថយភាពតានតឹងនៅពេលអនាគតដ៏ខ្លី ដោយគោលដៅគឺការធ្វើឲ្យពាណិជ្ជកម្មមានតុល្យភាពឡើងវិញ មិនមែនការផ្តាច់ទំនាក់ទំនងទាំងស្រុងនោះទេ។

ការលើកឡើងរបស់លោក Bessent បានជំរុញឲ្យមានការស្ទុះឡើងវិញ នៅលើទីផ្សារហ៊ុន Wall Street កាលពីថ្ងៃអង្គារ ហើយបានបន្តដល់ថ្ងៃពុធ។ ទីផ្សារហ៊ុនអាស៊ីក៏មានកំណើននៅថ្ងៃពុធផងដែរ ដោយសន្ទស្សន៍ Hang Seng របស់ហុងកុង ឡើងជាង ២% Nikkei របស់ជប៉ុនឡើងប្រហែល ២% និង Kospi របស់កូរ៉េខាងត្បូង កើន ១.៥%។

នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ និងលោក Bessent កាលពីថ្ងៃពុធ ក្រសួងការបរទេសចិន បាននិយាយដដែលៗថា សហរដ្ឋអាមេរិកគួរតែ «បញ្ឈប់ការគំរាមកំហែង និងការបង្ខិតបង្ខំ... ហើយចូលរួមជាមួយចិនដោយផ្អែកលើគោលការណ៍ស្មើភាព ការគោរពគ្នាទៅវិញទៅមក» ប្រសិនបើ សហរដ្ឋអាមេរិកពិតជាចង់បានកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា ទោះបីជាមានសញ្ញានៃការបន្ទន់ជំហរក៏ដោយ ភាពមិនច្បាស់លាស់នៅតែមានខ្ពស់ជុំវិញអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក៕