(ប៉េកាំង)៖ ចិន កាលពីថ្ងៃទី២១ ខែមេសា បានព្រមានបណ្ដាប្រទេសទាំងឡាយ ប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យចិនខាតបង់ នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មកាន់តែក្ដៅគគុក រវាងមហាយក្សសេដ្ឋកិច្ចទាំង២។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថាទីក្រុងប៉េកាំងគោរពដល់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈកិច្ចពិភាក្សាផ្អែកលើគោលការណ៍ ស្មើភាព។ ប៉ុន្តែ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងគ្រប់ភាគីដែលចុះកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យចិនខាតបង់។

ក្រសួងពាណិជ្ជកម្មចិន បន្ថែមទៀតថាប៉េកាំងនឹងចាត់វិធានការសងសឹកយ៉ាងម៉ឺងម៉ាត់ ក្នុងករណីដែលប្រទេសណាមួយចុះកិច្ចព្រមព្រៀងរបៀបនេះ ឬរួមដៃជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងចិន។ ការព្រមានរបស់ចិនកើតមានឡើង ចំពេលបណ្ដាប្រទេសជាច្រើនកំពុងត្រៀមខ្លួនសម្រាប់កិច្ចចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកការអនុគ្រោះពីការយកពន្ធគយទៅវិញទៅមកដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្ត និងក្រោយមកបានសម្រេចចិត្ត ពន្យារពេលដល់ប្រទេសច្រើនជាង៦០។

* ហេតុអ្វីចិនចេញសារព្រមានបែបនេះ?
ប្រតិកម្មរបស់ចិន ធ្វើឡើងបន្ទាប់ពីកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីពេលថ្មីៗនេះថារដ្ឋបាលលោក ដូណាល់ ត្រាំ មានបំណងប្រើប្រាស់កិច្ចចរចាស្ដីពីពន្ធគយដើម្បីជំរុញឱ្យបណ្ដាប្រទេសដែលជាដៃគូ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក រឹតត្បិតការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន ជាថ្នូរទៅនឹងការទទួលបានការអនុគ្រោះ ឬការបន្ធូរបន្ថយការយកពន្ធគយ រួមទាំងរបាំងពាណិជ្ជកម្ម។ រដ្ឋបាលលោក ត្រាំបានឱ្យដឹងថាវ៉ាស៊ីនតោន កំពុងស្ថិតក្នុងកិច្ចចរចាជាមួយប្រទេសច្រើនជាង៧០។ ក្រោយព័ត៌មាននេះត្រូវបានចុះផ្សាយព្រោងព្រាត ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃចន្ទ ទី២១ ខែមេសា បានព្រមានថាប្រទេសណាដែលសម្លឹងឃើញតែប្រយោជន៍ផ្ទាល់ ក្នុងពេលខ្លី ដោយមិនខ្វល់ពីការខាតបង់របស់អ្នកដទៃ គឺជារឿងមិនអាចទទួលយកបាន។ ដូច្នេះចិននឹងចាត់វិធានការសងសឹកយ៉ាងម៉ឺងម៉ាត់ទៅនឹងប្រទេសណាដែលរួមដៃគ្នាជាមួយសហរដ្ឋអាមេរិកធ្វើឱ្យចិនខាតបង់។

* តើពាណិជ្ជកម្មអាមេរិក និងចិនមានសភាពដូចម្ដេច?
នៅបន្ទាប់ពីបានសម្រេចផ្អាកការអនុវត្តការយកពន្ធគយទៅវិញទៅមកកម្រិតខ្ពស់លើបណ្ដាប្រទេសច្រើនជាង៦០ រយៈពេល៩០ថ្ងៃ កាលពីថ្ងៃទី៩ ខែមេសា លោក ត្រាំ បានដំឡើងការយកពន្ធគយលើទំនិញនាំចូលពីចិនដល់ ១៤៥ភាគរយ។ ជាការសងសឹក ចិនបានដំឡើងការយកពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ១២៥ភាគរយ។ លោក ត្រាំ បានចោទប្រកាន់ចិនជាយូរមកហើយថាបានកេងចំណេញពីសហរដ្ឋអាមេរិក ក្នុងការធ្វើពាណិជ្ជកម្ម និងអះអាងថាគោលនយោបាយពន្ធគយរបស់លោកពិតជាមានភាពចាំបាច់ដើម្បីជំរុញការផលិតនៅក្នុងស្រុក និងបង្កើតការងារបន្ថែមនៅក្នុងសហរដ្ឋអាមេរិក។ សម្រាប់លោក ស៊ី ជីនពីងវិញ ប្រធានាធិបតីចិនរូបនេះ បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗនេះរួមមានវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ដើម្បីជំរុញទំនាក់ទំនងក្នុងតំបន់។ លោកបានអំពាវនាវឱ្យដល់ប្រទេសជាដៃគូពាណិជ្ជកម្មរបស់ចិន ប្រឆាំងនឹងសកម្មភាពឯកតោភាគី។ «គ្មាននរណាម្នាក់អាចឈ្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមពន្ធគយឡើយ»។ នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង ក្នុងអត្ថបទមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដោយមិនបានលើកឈ្មោះអាមេរិកនោះទេ។

ក្នុងពេលដំឡើងពន្ធគយលើចិន រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្ដើមកិច្ចចរចាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីខាងកើត ក្នុងនោះក្រុមអ្នកចរចាជប៉ុនបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន ហើយ នៅក្នុងសប្ដាហ៍នេះ ក្រុមមន្ត្រីកូរ៉េខាងត្បូងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ប្រទេសជាច្រើនក្នុងពេលបច្ចុប្បន្ន កំពុងកៀបនៅចំកណ្ដាលរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ដែលចិនជាប្រភពផលិតទំនិញដ៏ធំមួយ និងជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់ រីឯសហរដ្ឋអាមេរិកជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់ពួកគេ។

* តើពិភពលោកពឹងផ្អែកលើការនាំចេញរបស់ចិនកម្រិតណា?
នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីខែមករាកន្លងទៅ ដោយវិទ្យាស្ថាន Lowy Institute មានមូលដ្ឋានក្នុងទីក្រុងស៉ីដនី ក្រុមអ្នកវិភាគបានរកឃើញថាក្នុងឆ្នាំ២០២៣ ៧០ភាគរយនៃប្រទេសទាំងអស់បាននាំចូលទំនិញពីចិន ច្រើនជាងនាំចូលទំនិញពីសហរដ្ឋអាមេរិក។ អំឡុងឆ្នាំ២០២៣ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ប្រទេសយ៉ាងហោច ៦០ ឬច្រើនជាង២ដង បើធៀបទៅនឹងសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ប្រទេស ចំនួន ៣៣។ លោកស្រី Alicia Garcia-Herrero ជាអ្នកជំនាញសេដ្ឋកិច្ចម្នាក់មកពីធនាគារ Natixis បាននិយាយថា «ការពឹងផ្អែកយ៉ាងសំខាន់លើចិនបានសាយភាយនៅជុំវិញពិភពលោក។ នេះមានន័យថាដៃគូពាណិជ្ជកម្មជាច្រើនមិន អាចគ្មានចិនបាននោះទេ»។ ការវិភាគរបស់ Lowy Institute ក៏បានរកឃើញដែរថានៅពេលចិនចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីឆ្នាំ២០០១ ៨០ភាគរយនៃប្រទេសទាំងអស់បានធ្វើពាណិជ្ជកម្ម២ផ្លូវជាមួយ សហរដ្ឋអាមេរិកផង និងចិនផង។ តែតួលេខនេះបានធ្លាក់មកនៅត្រឹម ៣០ភាគរយ នៅឆ្នាំ២០១៨ ជាឆ្នាំដែលលោក ត្រាំ ធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនកាលពីអាណត្តិទី១។ ចាប់តាំងពីពេលនោះមក និន្នាការនេះកាន់តែមានសន្ទុះ ខ្លាំងឡើង។ នៅឆ្នាំ២០១៨ មានប្រទេសចំនួន១៣៩ បានធ្វើពាណិជ្ជកម្មជាមួយចិនច្រើនជាងធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នៅឆ្នាំ២០២៣ ចំនួននេះបានហក់ឡើងដល់ ១៤៥ ហើយ៧០ភាគរយ នៃប្រទេសមានសេដ្ឋកិច្ចធំៗ របស់ពិភពលោកបានធ្វើពាណិជ្ជកម្មជាមួយចិនច្រើនជាងធ្វើជាមួយសហរដ្ឋអាមេរិក ឬកើនឡើងពី១៥ភាគរយក្នុងឆ្នាំ២០០១។

* ដូច្នេះតើអាមេរិកអាចបញ្ចុះបញ្ចូលឱ្យប្រទេសផ្សេងទៀតចែកផ្លូវរកស៊ីជាមួយចិនបានឬទេ?
តាមលោកស្រី Garcia-Herrero មានប្រទេសតិចតួចណាស់ តួយ៉ាងដូចជាម៉ិកស៊ិកដែលមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ប្រហែលជាអាចនឹងឈរនៅខាងសហរដ្ឋអាមេរិក ក្នុងសង្រ្គាមពាណិជ្ជកម្ម ជាមួយចិន។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថាដោយសារតែវត្តមានរបស់ចិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់មានវិសាលភាពធំធេងសម្រាប់ប្រទេសភាគច្រើនដែលជាដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងតំបន់អាមេរិក ការកាត់ផ្ដាច់ ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន មើលទៅមិនអាចធ្វើទៅកើតទេ។ ជាពិសេស ក្នុងពេលបច្ចុប្បន្ន នៅជុំវិញពិភពលោក ចិនបានក្លាយជាប្រភពនៃការនាំចូលដ៏សំខាន់មិនអាចខ្វះបាន។ ជាឧទាហរណ៍ សហភាពអឺរ៉ុបមានឱនភាព ពាណិជ្ជកម្មជាមួយចិន ៤៣២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ធៀបទៅនឹងឆ្នាំ២០១៦ មាន១៦៥ពាន់លានដុល្លារ។ ចិនមានចំណែក ២០ភាគរយនៃការនាំចូលទំនិញរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ១០ភាគរយ។ កាលពី សប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោកស្រី Rachel Reeves ក៏បាននិយាយដែរថាវាមិនមែនជារឿងត្រឹមត្រូវនោះទេដែលចក្រភពអង់គ្លេសត្រូវកាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយចិន។

នៅទូទាំងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ពាណិជ្ជកម្មរបស់ចិនដើរតួនាទីយ៉ាងសំខាន់។ ជិតមួយភាគបួននៃការនាំចូលសរុបរបស់បង់ក្លាដែស និងកម្ពុជា មានប្រភពមកពីចិន ហើយជិតមួយភាគប្រាំនៃការចូលទំនិញរបស់នីហ្សេរីយ៉ា និងអារ៉ាប៊ីសាអូឌីតមានប្រភពមកពីចិនដូចគ្នា។ តាមលោកស្រី Garcia-Herrero គោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ គឺជាគំនិតគិតមិនបានវែងឆ្ងាយ។ លោកស្រីបន្ថែមថា «ការព្យាយាមបញ្ចុះបញ្ចូល ឬដាក់សម្ពាធឱ្យ ប្រទេសដទៃរឹតត្បិតការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន ប្រហែលជាអាចធ្វើទៅបាន នៅតាមប្រទេសជាទីដែលអាមេរិកបានដាក់មូលដ្ឋានទ័ព។ ពីព្រោះថាចង់ ឬមិនចង់ ពួកគេត្រូវតែបង្ខំចិត្តស្ដាប់ ឬទទួលយកការព្រួយបារម្ភ របស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ សម្រាប់ប្រទេសភាគច្រើន ជាពិសេសបណ្ដាប្រទេស Global South បើលោក ត្រាំ កាន់តែសម្លុតគំរាម នោះនឹងមានប្រទេសកាន់តែច្រើននឹងទៅឈរខាងចិន៕