(កៀវ)៖ កាលពីថ្ងៃពុធ ទី២៣ ខែមេសា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែននៅតែបន្តប្តេជ្ញាធ្វើការ​ជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅឆ្ពោះទៅរកទីបញ្ចប់សម្រាប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ៊ុយក្រែនចង់ឱ្យសង្រ្គាមបិទបញ្ចប់ទៅវិញ ជាងនរណាទាំងអស់នៅលើពិភពលោក»។ លោកបានលើកឡើងបែបនេះភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសជាថ្មីម្តងទៀត លើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជុំវិញកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនប្រគល់គ្រីមៀទៅឱ្យរុស្ស៉ី ដែលបានដណ្តើមកាន់កាប់ឧបទ្វីបនោះ នៅក្នុងឆ្នាំ ២០១៤ និងជាទង្វើដែលត្រូវបានថ្កោលទោសដោយអន្តរជាតិ ជាដាច់ខាត។ នៅថ្ងៃពុធ លោក​ត្រាំ ដែលធ្លាប់ទាស់ពាក្យសម្តីបែកផ្សែងជាមួយ លោក ហ្សេលេនស្គី ម្តងហើយ ក្នុងកិច្ចប្រជុំនៅឯសេតវិមាន បានចាត់ទុកការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ថាធ្វើឱ្យកាន់តែពិបាកក្នុងការសម្រេចបានសន្តិភាព៕